អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ ប្តេជ្ញាជួយរំដោះប្រជាជនដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង
23, Oct 2023 , 2:40 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាពX Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាពX Sretha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានអះអាងថា រដ្ឋាភិបាលថៃនឹងមានកិច្ចប្រជុំជាមួយទីភ្នាក់ងារជាច្រើនដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែតុលា ដើម្បីពិភាក្សាពីការជួយរំដោះប្រជាជនថៃ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។ ជុំវិញបញ្ហានេះ លោកសេដ្ឋា បានប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពទាំងអស់ ដើម្បីជួយរំដោះប្រជាជនថៃ។

 
ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនថៃយ៉ាងហោចណាស់៣០នាក់ បានស្លាប់បាត់បង់ជីវិត និង១៨នាក់ បានរងរបួស។ បន្ថែមពីនេះ ប្រជាជនថៃចំនួន ១៩នាក់ផ្សេងទៀត ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនជាចំណាប់ខ្មាំងក្នុងចំណោមជនបរទេសផ្សេងទៀត។ ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាជួយរំដោះប្រជាជនថៃ ពីក្នុងដៃរបស់ក្រុមហាម៉ាស។ 
 
តាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលថៃ ភាគីពាក់ព័ន្ធទាំងអស់ នឹងជួបគ្នានៅក្រសួងការបរទេស ដើម្បីជជែកពីការរំដោះប្រជាជន។ ត្រង់ចំណុចនេះ លោកសេដ្ឋា បានយល់ឃើញថា ក្រសួងការបរទេស អគ្គរាជទូតថៃប្រចាំនៅអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខថៃ មានតួនាទីដ៏សំខាន់ ក្នុងការជួយរំដោះប្រជាជន ពីក្នុងដៃក្រុមហាម៉ាស។ 
 
«ខ្ញុំធានាអ្នកថា យើងនឹងព្យាយាមជួយជនរងគ្រោះឱ្យអស់ពីសមត្ថភាព»។ លោកសេដ្ឋា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាជ្ញាធរថៃ នឹងស្វែងរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយរំដោះប្រជាជនខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែតុលា។​
 
ស្របគ្នានេះ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការងារថៃ លោក Phairoj Chotikasatien បានអះអាងថា ប្រជាជនថៃ១ភាគ៣ដែលបានចុះឈ្មោះត្រលប់មកប្រទេសវិញ បានមកដល់ថៃហើយ។ ប្រជាជនថៃ ចំនួន ២៨២៣នាក់ បានមកដល់ថៃ ក្នុងចំណោមប្រជាជន ៨៤៣៩នាក់៕
 

Tag:
 ថៃ
  អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com