ជាតិ
សម្ព័ន្ធបក្សនយោបាយទាំង២៨ ប្រកាសរួមគ្នាកម្ចាត់ក្រុមនយោបាយជ្រុលនិយម
25, Oct 2023 , 2:12 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយបក្សចំនួន២៧ទៀត នៅថ្ងៃទី២៥តុលា ២០២៣។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយបក្សចំនួន២៧ទៀត នៅថ្ងៃទី២៥តុលា ២០២៣។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា(CPP) អះអាងថា ការចងសម្ព័ន្ធនយោបាយ រវាងបក្ស CPP ជាមួយបណ្ដាបក្ស២៧ទៀត គឺមានគោលដៅរួម ដើម្បីបម្រើប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ និងកម្ចាត់ក្រុមនយោបាយជ្រុលនិយម។

 
បណ្ដាញបក្សទាំង២៨ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយស្មើភាព ស្មើសិទ្ធិ គោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ពួកគេ ប្តេជ្ញាគោរព ប្រតិបត្តិ និងការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌។ ពួកគេ ក៏បានប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
 
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «សម្រាប់ការចុះហត្ថលេខាសម្ព័ន្ធភាពនៅថ្ងៃនេះ គឺស្ថិតក្នុងគោលដៅមួយចំនួនដែលយើងបានដាក់ក្នុងកិច្ចព្រមព្រៀងខាងលើ[…] និងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ដែលជាប្រភពគ្រោះថ្នាក់រយៈពេលវែងរបស់កម្ពុជា ដែលមិនត្រូវឱ្យវាកើតក្នុងសង្គមកម្ពុជាទេ»។  
 
ក្នុងកិច្ចព្រមពៀងរបស់បណ្ដាបក្សទាំង២៨ ក៏បានសង្កត់ធ្ងន់ដែរថា ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណា ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្រៅពីនេះ បើមានបញ្ហាណាមួយកើតឡើងរវាងការចងសម្ព័ន្ធ ក្នុងកិច្ចព្រមព្រៀងនេះ គឺភាគីទាំងអស់ ត្រូវចាត់តំណាងឱ្យជួបពិភាក្សារួមគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី។
 
យ៉ាងណាការចងសម្ព័ន្ធនេះ សម្ដេច ហ៊ុន សែន បានអះអាងថា បក្សទាំងអស់មិនស្ថិតនៅក្រោមការគ្រប់គ្រងបក្សណាមួយឡើយ ហើយបក្សទាំងអស់ ក៏មិនចំណុះបក្សប្រជាជនដែរ។ សម្ព័ន្ធថ្មីនេះ សម្ដេច គ្រោងរៀបចំកំណត់ពេលប្រជុំជាក់លាក់ ក្នុងរយៈពេល ៣ ទៅ៦ខែម្ដង ដើម្បីជជែកគ្នា។ 
 
សូមជម្រាបថា ក្រៅពីការចងសម្ព័ន្ធជាមួយនឹងបក្សកាន់អំណាចខាងលើនេះ ក៏មានបក្សប្រឆាំង៤ទៀត បានរួមគ្នាចងសម្ព័ន្ធភាពគ្នាដែរ។ បក្សទាំង៤នោះ រួមមានបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រង់។ ពួកគេ មិនចងសម្ព័ន្ធជាមួយបក្សកាន់អំណាចឡើយ។ ពួកគេ បានអះអាងថា ការចងសម្ព័ន្ធនេះ ដើម្បីរួមគ្នាពង្រឹងប្រជាធិបតេយ្យ សិទ្ធិមនុស្សដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com