ជាតិ
បាក់ឌុប
បេក្ខជន១៣៧ ៤១២ នាក់ នឹងប្រឡងបាក់ឌុប នៅថ្ងៃទី៦-៧ វិច្ឆិកា 
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលធ្វើសន្និសីទសារព័ត៌មានពីដំណើរការប្រឡងបាក់ឌុប នៅរសៀលថ្ងៃទី២៧តុលានេះ។
×![]()
ភ្នំពេញ៖ បេក្ខជន ១៣៧ ៤១២ នាក់ ក្នុងនោះបេក្ខនារី ៧៣ ២៧៨នាក់ នឹងចូលរួមប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦-៧ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងទៀតថា ក្នុងចំណោមបេក្ខជនទាំងអស់ មានបេក្ខជនមានពិការភាព ចំនួន ១៨នាក់ ក្នុងនោះនារី ៦នាក់។
សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩នាក់ ក្នុងនោះបេក្ខនារី ២៤ ៧៨៩នាក់។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន ៩៦ ០៣៣នាក់ ក្នុងនោះបេក្ខនារីមានចំនួន ៤៨ ៤៨៩នាក់។ ចំពោះមណ្ឌលប្រឡង ២២៧ មណ្ឌល ត្រូវជា ៥៥៤៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥មណ្ឌល ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) គឺមានចំនួន៧មុខវិជ្ជា។ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានមុខវិជ្ជាជម្រើស ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជាជម្រើស ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្រ្តខ្មែរ។
បន្ទាប់ពីប្រឡងថ្ងៃទី៦វិច្ឆិកាហើយ នៅថ្ងៃទី១១ដល់១៥វិច្ឆិកា គឺជាដំណើរការនៃការធ្វើកំណែវិញ្ញាសា។ ចំណែក ថ្ងៃទី១៦ដល់ថ្ងៃទី២៦វិច្ឆិកា ជាដំណើរការស្រង់និងបូកពិន្ទុដោយកុំព្យូទ័រ រួមទាំងការផ្ទៀងផ្ទាត់ពិន្ទុផងដែរ។ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com