កីឡាជាតិ
ជាតិ
CPL អនុញ្ញាតឱ្យ Yudai ចូលរួមប្រកួតលីគ ក្នុងនាមជាកីឡាករខ្មែរ
04, Nov 2023 , 10:28 am        
រូបភាព
សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ ជុំទី២ ខាងមុខនេះ កីឡាករជប៉ុន Yudai Ogawa ដែលទើបទទួលបានសញ្ជាតិកម្ពុជា កាលពីពេលថ្មីៗនេះ អាចចុះឈ្មោះចូលរួមប្រកួត ក្នុងនាមជាកីឡាករខ្មែរបាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នៅថ្ងៃទី៤ វិច្ឆិកា។

ការសម្រេចរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនេះ គឺស្របតាមការអនុញ្ញាតរបស់សហព័ន្ធបាល់ទាត់កម្ពុជា។ Yudai ដែលទើបទទួលបានសញ្ជាតិខ្មែរនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយក្រុមប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក ។ ប៉ុន្តែការប្រកួតទាំងពីរជើង ក្នុងវគ្គជម្រុះជុំទី១នេះ កម្ពុជា ត្រូវបានប៉ាគីស្ថាន ទម្លាក់ចេញពីការប្រកួត ក្រោមលទ្ធផល១-០ នាជំនួបជើងទី២ នៅកីឡដ្ឋាន Jinnah ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៧ តុលា។ ជំនួបជើងទី១ ដោយលទ្ធផល0-0 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១២ តុលា ។ Yudai បានបង្ហាញវត្តមានទាំង២ប្រកួតឱ្យក្រុមជម្រើសជាតិ នាជំនួបប៉ាគីស្ថាននេះ។
 
វ័យ២៧ឆ្នាំ Yudai បានចាប់ផ្តើមប្រឡូកក្នុងក្របខណ្ឌបាល់ទាត់កម្ពុជា ជាមួយក្លិបក្រសួងការពារជាតិ (កងយោធពលខេមរភូមិន្ទ) នៅឆ្នាំ២០១៨ ហើយបន្តជាមួយអង្គរថាយហ្គឺរ២រដូវកាល មុននឹងចូលរួមជាមួយភ្នំពេញក្រោនចាប់ពីឆ្នាំ២០២១ មក។ មុនមកដល់កម្ពុជា ខ្សែបម្រើរូបនេះ មានប្រវត្តិប្រឡូកក្នុងអាជីពជាមួយក្លិបជប៉ុន FC Gifu និងក្លិបប៉ូឡូញ RTS Widzew Lodz។
 
នៅភ្នំពេញក្រោន Yudai ឈ្នះពាន Premier League ពីរលើក ឈ្នះ Cambodian Super Cup ពីរលើក និង Cambodian League Cup ពីរលើក ហើយជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតជាញឹកញាប់។
 
តាមលក្ខន្តិកៈ FIFA ឆ្នាំ២០១៦ កីឡាករដែលអាចលេងឱ្យក្រុមជម្រើសជាតិណាមួយបាន លុះត្រាតែ គាត់កើតលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានម្តាយបង្កើត ឬឪពុកបង្កើត កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានជីដូនឬជីតា កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ ឬ គាត់រស់នៅយ៉ាងហោចណាស់៥ឆ្នាំជាប់គ្នា ក្រោយឈានដល់អាយុ១៨ឆ្នាំ នៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ៕

អត្ថបទទាក់ទង
 

Tag:
 បាល់ទាត់
  Yudai
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com