ជាតិ
សម្ដេច ហ៊ុន សែន៖ តំបន់កាហ្សា នឹងក្លាយជាវាលពិឃាដ កប់ខ្មោចដ៏ធំ ប្រសិនគ្មានបទឈប់បាញ់
07, Nov 2023 , 5:40 pm        
រូបភាព
«ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសំណេរលើតេឡេក្រាម នាល្ងាចថ្ងៃទី៧ វិច្ឆិកា។
 
សម្ដេច ហ៊ុន សែន បានមើលឃើញថា សហគមន៍អន្តរជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់មួយនៅតំបន់កាហ្សា ដែរ តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានថ្លែងថា នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង។
 
ក្នុងន័យនេះសម្ដេច ក៏យល់ឃើញដែរថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល អាចជាច្រកចេញនៃបញ្ហាជម្លោះនេះ បើសិនមានការដោះលែងចំណាប់ខ្មាំង។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានបទពិសោធន៍ឆ្លងកាត់សង្គ្រាម និងដឹកនាំប្រទេសជាង៣៨ឆ្នាំរូបនេះ បានបរិយាយលើតេឡេក្រាមផ្ទាល់ខ្លួនដូច្នេះថា៖«  ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់»។
 
ប្រមុខបក្សប្រជាជនកម្ពុជារូបនេះ ក៏បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ ឱ្យចាប់ផ្តើមរកការចរចា ដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ពីសំណាក់ក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែល ឱ្យព្រមព្រៀងគ្នាឈប់បាញ់ ប្រសិនមានការដោះលែងចំណាប់ខ្មាំង។
 
«ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សាស្រ្ទីបទាំងមូល»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ។

គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ជម្លោះអ៊ីស្រាអែល និងហាម៉ាស បានឈានចូលរយៈពេលមួយខែហើយ ដោយអ៊ីស្រាអែល បានបញ្ជូនកម្លាំងការពាររបស់ខ្លួនទៅក្នុងដែនដីកាហ្សា និងពុះចែកតំបន់មួយនេះជាពីរ គឺខាងត្បូង និងខាងជើង។ អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់កាហ្សាភាគខាងជើង ដែលចាត់ទុកជាមូលដ្ឋានដ៏សំខាន់មួយរបស់ក្រុមហាម៉ាស។ ជម្លោះអ៊ីស្រាអែល និងហាម៉ាស ១ខែមកនេះ សម្លាប់ជីវិតជាង១ម៉ឺននាក់ហើយនៅតំបន់កាហ្សា។

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com