កីឡាជាតិ
ជាតិ
ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស គ្រោងយកកីឡាករខ្មែរ ទៅពង្រឹងសមត្ថភាពនៅ Police Tero
08, Nov 2023 , 5:19 pm        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស (ឆ្វេង) និង ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស (ឆ្វេង) និង ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
ក្លាយជាប្រធានក្លិបថ្មី Police Tero FC ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស ដាក់គោលដៅនាំយកកីឡាករបាល់ទាត់កម្ពុជា ទៅពង្រឹងជំនាញនៅលីគកំពូលថៃ ដើម្បីជួយវិស័យបាល់ទាត់នៅកម្ពុជាកាន់តែប្រសើរឡើងនាពេលអានាគត់។



ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ រួមជាមួយព្រះរៀម ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស និង ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស សមាជិករាជវង្សានុវង្សខ្មែរ បានបណ្តាក់ទុនរួមគ្នាក្នុងក្លិបបាល់ទាត់ថៃ Police Tero FC។ បើតាមការប្រកាសរបស់ក្លិប Police Tero លើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ​ព្រះអង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស បានក្លាយជាប្រធានក្លិបថ្មីរបស់ Police Tero ជាផ្លូវការ។
 
ក្រៅពីមានបំណង ចង់ឱ្យក្លិបនៃលីគកំពូលថៃមួយនេះវិលត្រឡប់ទៅកាន់ភាពខ្លាំងក្លាឡើងវិញ ការបណ្តាក់ទុនរួមគ្នានេះ សមាជិករាជវង្សានុវង្សខ្មែរទាំងបីអង្គ ក៏មានបំណងផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាទៅប្រកបអាជីពក្នុងលីគដែលមានកម្រិតខ្ពស់មួយក្នុងតំបន់ផងដែរ។
  
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស  និង ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ថតរូបជាមួយអ្នកគាំទ្រ Police Tero នៅកីឡដ្ឋាន Boonyachinda ក្នុងក្រុងបាងកក។ រូបភាព Police Tero FC  

តាមរយៈការផ្សាយរបស់កាសែត The Nation ព្រះអង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស មានបន្ទូលថា៖ «ការបោះទុនចូលក្លិបនេះ ក៏ជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជាក្នុងការពង្រឹងជំនាញរបស់ពួកគេនៅក្នុងលីគថៃ ដែលជាការផ្លាស់ប្តូរមួយក្នុងការជួយឱ្យប្រសើរឡើងនូវវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជានាពេលអនាគត»។
 
ព្រះអង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស ដែលធ្លាប់ជាកីឡាករជម្រើសជាតិកម្ពុជាផងនោះ ទទួលស្គាល់ថា បាល់ទាត់ថៃមានកម្រិតខ្ពស់ជាងកម្ពុជា ខណៈព្រះអង្គសង្ឃឹមថាការបណ្តាក់ទុនរួមគ្នានេះនឹងជួយកែលម្អក្រុមជម្រើសជាតិនៃប្រទេសទាំងពីរក្នុងពេលដំណាលគ្នា។
 
មុនសមាជិករាជវង្សានុវង្សខ្មែរទាំងបីអង្គ ក្លាយជាម្ចាស់ហ៊ុន និងប្រធានក្លិបថ្មីនោះ Police Tero បានចែកផ្លូវជាមួយអ្នកចាត់ការក្លិបលោក Thanya Wongnak និងគ្រូបង្វឹកលោក Aon Rangsan Wiwattanachaichock ដែលធ្លាប់រួមរស់រយៈពេល១៣ឆ្នាំ។
 
ប្រធានក្លិបថ្មី នឹងរុះរើរចនាសម្ព័ន្ធក្លិបថ្មី ដើម្បីឱ្យស្របតាមគោលដៅក្លិបរដូវកាលក្រោយ ដោយធ្វើយ៉ាងណាប្រជែងយកក្នុងចំណោមចំណាត់ថ្នាក់ទាំង៣កំពូលតារាង និងឈ្នះកៅអី ពានរង្វាន់ AFC Champions League។
 
Police Tero FC ដែលបច្ចុប្បន្នស្ថិនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងពិន្ទុ Thai League1 ក្នុងចំណោម១៦ក្រុម ធ្លាប់ជាម្ចាស់ជើងឯកលីគកំពូលថៃ២សម័យ និងរងជើងឯក AFC Champions League នៅរដូវកាល ២០០២-០៣ មួយលើក៕
 

Tag:
 Police Tero FC
  ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស
  ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com