អន្តរជាតិ
ប្រមុខUN៖ ប្រតិបត្តិការយោធាអុីស្រាអែលក្នុងកាហ្សាមានភាពខុសឆ្គង ក្រោយការស្លាប់ប្រជាជនស៊ីវិល
09, Nov 2023 , 10:55 am        
រូបភាព
លោក អាន់តូនីញូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព AFP
លោក អាន់តូនីញូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូ​នីញូ ហ្គូតេ​រ៉េស នៅថ្ងៃទី៨ ខែវិច្ឆិកា បានកត់សម្គាល់ថា ករណីស្លាប់របស់ប្រជាជនស៊ីវិលជាច្រើនពាន់នាក់នៅក្នុងតំបន់កាហ្សា បានបង្ហាញពីភាពខុសឆ្គងនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដើម្បីបោសសម្អាតក្រុមហាម៉ាស។



ជាងរយៈពេល ១ខែមកនេះ ករណីស្លាប់នៅក្នុងតំបន់កាហ្សា បានកើនលើសពី ១ម៉ឺននាក់ហើយ ក្រោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលទាំងផ្លូវអាកាស គោក និងផ្លូវទឹក។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស បានយល់ថា ទង្វើរបស់ក្រុមហាម៉ាសជាការបំពាន ដោយសារតែពួកគេបានយកប្រជាជនស៊ីវិលជាខែលការពារ ប៉ុន្តែប្រតិបត្តិការយោធាអ៊ីស្រាអែល អាចមានភាពខុសឆ្គង ព្រោះប្រជាជនស៊ីវិលជាច្រើនពាន់នាក់ ត្រូវបានសម្លាប់។ 
 
«នៅពេលនរណាម្នាក់ពិនិត្យលើចំនួនអ្នកស្លាប់ ដែលកើតមានក្នុងប្រតិបត្តិការយោធា វាមានអ្វីមួយដែលមានភាពខុសឆ្គងច្បាស់ណាស់»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទ Reuters NEXT នៅថ្ងៃទី៨ ខែវិច្ឆិកា។ កន្លងមក លោក ហ្គូតេរ៉េស តែងជំរុញឱ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ និងរិះគន់ពីការបំពានច្បាប់អន្តរជាតិ ដែលបង្កឱ្យអ៊ីស្រាអែលផ្ទុះកំហឹងយ៉ាងខ្លាំង។ 
 
ក្នុងពេលរិះគន់លើការវាយប្រហាររបស់ក្រុមហាម៉ាស លោកហ្គូតេរ៉េស ក៏បានជំរុញឱ្យយោធាអ៊ីស្រាអែល បែងចែកឱ្យដាច់រវាងក្រុមហាម៉ាស និងប្រជាជនស៊ីវិល​ ដើម្បីបង្ការករណីស្លាប់កាន់តែច្រើនឡើង។ 
 
បើតាមអ្វីដែលយោធាអ៊ីស្រាអែលបកស្រាយ ក្រុមហាម៉ាស បានជីកផ្លូវក្រោមដី​ ដែលមាននៅក្រោមសាលារៀន និងមន្ទីរពេទ្យជាដើម សម្រាប់ជាកន្លែងលាក់ខ្លួន លាក់អាវុធ និងបន្ទប់ទំនាក់ទំនងជាដើម។ 
 
ក្រោមហេតុផលបែបនេះ យោធាអ៊ីស្រាអែល បានប្រកាសប្រតិបត្តិការយោធាឈានដល់ដំណាក់កាលបន្ទាប់ ដើម្បីកម្ទេចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស។ ផ្លូវក្រោមដីនេះ មិនត្រឹមតែក្រុមហាម៉ាសយកជាកន្លែងលាក់ខ្លួនឡើយ ប៉ុន្តែក្រុមហាម៉ាស ក៏បានប្រើផ្លូវក្រោមដីនេះ ដើម្បីលួចវាយឆ្មក់លើយោធាអ៊ីស្រាអែលផង។ 
 
ក្នុងវេទិការៀបចំដោយទីភ្នាក់ងារព័ត៌មាន Reuters ដដែល ប្រមុខអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភជុំវិញករណីស្លាប់របស់កុមារនៅក្នុងតំបន់កាហ្សា។ ត្រង់ចំណុចនេះ លោក ហ្គូតេរ៉េស បានអះអាងថា ជារៀងរាល់ឆ្នាំក្នុងជម្លោះនៅតំបន់ផ្សេង ករណីស្លាប់របស់កុមារមានជាច្រើនរយនាក់។ ប៉ុន្តែក្នុងជម្លោះនៅតំបន់កាហ្សា ករណីស្លាប់របស់កុមារបានកើនដល់ជាច្រើនពាន់ករណី ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។ 
 
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកន្លងមក អគ្គលេខាធិការ UN បានចាត់ទុកតំបន់កាហ្សា ជាកន្លែងកប់សាកសពរបស់កុមារ។ តាមការបញ្ជាក់របស់មន្រ្តី ប៉ាឡេស្ទីន ក្នុងចំណោមអ្នកស្លាប់ជាង​ ១ម៉ឺននាក់ នៅតំបន់កាហ្សា វាមានចំនួនកុមាររហូតដល់ ៤០ភាគរយឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ថែមពីនេះ លោក ហ្គូតេរ៉េស បានចាត់ទុកស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាហ្សា ស្ថិតក្នុងស្ថានភាពដ៏អាក្រក់មួយ ហើយលោកបានជំរុញឱ្យមានជំនួយមនុស្សធម៌ និងសម្ភារចាំបាច់ ទៅក្នុងតំបន់កាហ្សាសម្រាប់ប្រជាជនជាច្រើនម៉ឺននាក់ ដែលស្ថិតនៅតំបន់កាហ្សាភាគខាងត្បូង។ 
 
ស្របគ្នានេះ អគ្គលេខាធិការUN បានបង្ហាញទិន្នន័យថា ត្រឹមរយៈពេល១៨ថ្ងៃចុងក្រោយ ជំនួយមនុស្សធម៌ចំនួន៦៣០រថយន្តធំៗ ត្រូវបានដឹកទៅតំបន់កាហ្សា តាមរយៈច្រកព្រំដែន Rafah របស់អេហ្ស៊ីប៕ 
 

Tag:
 UN
  អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com