កីឡាជាតិ
ជាតិ
FFC ជួលមេធាវីស្វ៊ីសប្តឹង FIFA ជុំវិញការចុះឈ្មោះ Privat ចូលជម្រើសជាតិកម្ពុជា
10, Nov 2023 , 10:28 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជួលមេធាវីស្វ៊ីសឯកទេសក្នុងច្បាប់កីឡាបាល់ទាត់ ដើម្បីប្តឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលយឺតយ៉ាវក្នុងការអនុញ្ញាតឱ្យកីឡាករ Privat Mbarga ចូលរួមក្រុមជម្រើសជាតិកម្ពុជា។ មកទល់ពេលនេះ ខាងមេធាវីកំពុងជជែក នឹង FIFA។


ខ្សែប្រយុទ្ធកាម៉េរូន Privat Mbarga ត្រូវបានផ្តល់សញ្ជាតិខ្មែរ និងជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ លើទឹកដីនេះ អស់រយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ មុនពេលផ្លាស់ទៅ Bali United នៅទឹកដីឥណ្ឌូណេស៊ី។ 
 
Privat ត្រូវបានកោះហៅចូលហ្វឹកហាត់ ត្រៀមជួយគោព្រៃប្រកួត FIFA World Cup 2026 វគ្គជម្រុះបឋមជុំទី១ ទល់ប៉ាគីស្ថានកាលពីខែតុលា ប៉ុន្តែបែជាមិនវត្តមានរូបគេបង្ហាញខ្លួនទាំងពីរប្រកួត ខណៈកម្ពុជាខកខានទៅជុំទី២។ គ្មានវត្តមាន Privat ទាំងពីរប្រកួតទល់ប៉ាគីស្ថាន ដោយសារ FIFA យឺតយ៉ាវក្នុងការផ្តល់ការអនុញ្ញាត សម្រាប់កីឡាករទើបបានសញ្ជាតិរូបនេះ។
 
តាមរយៈការបង្ហោះរបស់ FFC លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ការចុះឈ្មោះ Privat ចូលក្រុមជម្រើសជាតិ ខាងភាគី FIFA មិនបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ ដែលអាចលេងតំណាងអោយកម្ពុជាបាន។
 
ដើម្បីឆ្លើយតមករណីខាងលើនេះ FFC បានជួលមេធាវីមកពីប្រទេសស្វ៊ីស ជាអ្នកឯកទេសក្នុងច្បាប់កីឡាប្តឹងទៅ FIFA ដើម្បីបញ្ជាក់ឱ្យច្បាស់ជុំវិញបញ្ហាដែល Privat មិនអាចលេងឱ្យក្រុមជម្រើសជាតិកម្ពុជា។
 
«ក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងអោយក្រុមជម្រើសជាតិកម្ពុជា។ បច្ចុប្បន្នមេធាវីដែល FFC បានជួលឱ្យតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ»។ នេះជាការបញ្ជាក់របស់ FFC ខណៈព័ត៌មានបន្ថែមជុំវិញករណីនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់កម្ពុជា នឹងផ្តល់ព័ត៌មានបន្តបន្ទាប់ទៀត៕
 

Tag:
 FIFA
  FFC
  Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com