សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារ UBS ខាតបង់ច្រើនជាងការរំពឹងទុក ក្រោយទិញយកធនាគារ Credit Suisse
11, Nov 2023 , 8:59 pm        
រូបភាព
ធនាគារ UBS នៅស្វីស ។ រូបភាព ៖ AFP
ធនាគារ UBS នៅស្វីស ។ រូបភាព ៖ AFP
ធនាគារ UBS បានខាតបង់សុទ្ធចំនួន ៧៨៥លានដុល្លារក្នុងត្រីមាសទី៣ ដែលមានទំហំធំជាងការព្យាករត្រឹម ៤៣០លានដុល្លារ ។

 
ធនាគារដែលធំជាងគេនៅស្វីស UBS បានប្រកាសនៅថ្ងៃទី៧ ខែវិច្ឆិកា ពីការខាតបង់យ៉ាងច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទិញយកធនាគារ Credit Suisse ដែលជាគូប្រជែងរបស់ខ្លួន។ 
 
បើតាមសេចក្តីប្រកាស UBS មានការខាតបង់សុទ្ធមានតម្លៃ ៧៨៥លានដុល្លារក្នុងត្រីមាសទី៣ ដែលមានទំហំធំជាងការខាតបង់ដែលបានព្យាករពីមុនចំនួន ៤៣០លានដុល្លារ។ 
 
យ៉ាងណាមិញ នាយកប្រតិបត្តិ UBS លោក Sergio Ermotti បាននិយាយថា ធនាគារកំពុងដំណើការយ៉ាងឆាប់រហ័សពីការរួមបញ្ចូលគ្នាជាមួយ Credit Suisse ហើយថាកិច្ចព្រមព្រៀងនេះបានផ្តល់នូវប្រាក់ចំណេញមូលដ្ឋានសម្រាប់ UBS នៅក្នុងត្រីមាសទី១ ចាប់តាំងពីបានទិញយក។ 
 
បច្ចុប្បន្ន UBS បានជួយដល់ Credit Suisse ឲ្យមានស្ថិរភាព និងកំពុងបន្តអនុវត្តសកម្មភាពកម្មសិទ្ធិផ្តាច់មុខ។ បើតាមធនាគារ UBS សាច់ប្រាក់ប្រហែល ២២ពាន់លានដុល្លារនៃប្រាក់បញ្ញើសុទ្ធចំនួន ៣៣ពាន់លានដុល្លារបានមកពី Credit Suisse ។
 
នៅចុងខែមីនាឆ្នាំនេះ UBS បានយល់ព្រមទិញធនាគារដែលជាគូប្រជែង Credit Suisse ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣ពាន់លានហ្វ្រង់ (៣,៥ពាន់លានដុល្លារ) ក្រោមទម្រង់ជាភាគហ៊ុន ហើយទទួលរងការខាតបង់រហូតដល់ ៥ពាន់លានហ្វ្រង់ដោយសារតែការបិទសកម្មភាពអាជីវកម្មមួយផ្នែក។
 
នេះជាកិច្ចព្រមព្រៀងសង្គ្រោះ Credit Suisse ដែលផ្តល់ដោយរដ្ឋាភិបាលស្វីសដើម្បីការពារវិបត្តិហិរញ្ញវត្ថុពិភពលោក។ UBS បានទទួលការធានាដែលមានតម្លៃ ៩ពាន់លានហ្វ្រង់ពីរដ្ឋាភិបាល និងការគាំទ្រដែលមានតម្លៃ ១០០ពាន់លានហ្វ្រង់ពីធនាគារជាតិស្វីស (SNB - Central Bank) ដើម្បីកាត់បន្ថយហានិភ័យដែល UBS ត្រូវតែទទួលបន្ទាប់ពីការទិញយក Credit Suisse ។
 
ការឧបត្ថម្ភធនទាំងនេះមានគោលបំណងធានាឱ្យ UBS មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីអនុវត្តន៍ការកាន់កាប់ និងជៀសវាងហានិភ័យនៃការខាតបង់។ ទោះជាយ៉ាងណាក៏ដោយ UBS បាននិយាយថាកម្មវិធីគាំទ្ររបស់រដ្ឋាភិបាលស្វីស សម្រាប់ការកាន់កាប់ធនាគារ Credit Suisse លែងមានភាពចាំបាច់ទៀតហើយ ដូច្នេះធនាគារបានស្នើសុំដោយស្ម័គ្រចិត្តដល់រដ្ឋាភិបាលដើម្បីបញ្ចប់កិច្ចព្រមព្រៀងធានាចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ តទៅ៕ 

Tag:
 ស្វីស
  ធនាគារ
  UBS
  Credit Suisse
© រក្សាសិទ្ធិដោយ thmeythmey.com