អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក នឹងជំរុញសមភាគីចិនឱ្យបង្កើតទំនាក់ទំនងយោធាឡើងវិញ
13, Nov 2023 , 2:04 pm        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព AFP
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក ចង់ឃើញពីការបង្កើតឡើងវិញនៃទំនាក់ទំនងយោធាអាម៉េរិក និងចិន។ លោកJake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា។

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅកោះតៃវ៉ាន់ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការជាមួយក្រុងវ៉ាស៊ីនតោនលើវិស័យជាច្រើន ក្នុងនោះរួមមានកិច្ចសន្ទនារវាងមន្រ្តីយោធាជាន់ខ្ពស់ថែមទៀត។ ទំនាក់ទំនងចិន-អាម៉េរិក កាន់តែធ្លាក់ចុះបន្ថែមទៀត ក្រោយអាម៉េរិកបានបាញ់ទម្លាក់បាឡុងចិន នៅខែកុម្ភៈកន្លងទៅ។ 
 
ជុំវិញបញ្ហាខាងលើ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងស្វះស្វែងរកការបង្កើតទំនាក់ទំនងយោធាឡើងវិញជាមួយចិននៅគ្រប់កម្រិត នៅក្នុងជំនួបជាមួយលោកប្រធានាធិបតី ស៊ី ជិនភីង ក្នុងក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា។ លោក ស៊ី នឹងធ្វើទស្សនកិច្ចនៅទីក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ 
 
«លោកប្រធានាធិបតីអាម៉េរិក ប្តេជ្ញាចង់ឃើញការបង្កើតចំណងយោធាឡើងវិញ ដោយសារលោកជឿថាវាជាសន្តិសុខជាតិអាម៉េរិក»។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយបន្តថា អាម៉េរិក និងចិន ត្រូវការទំនាក់ទំនងបែបនេះដើម្បីបង្ការកុំឱ្យមានកំហុសកើតឡើង ឬមានការទំនាក់ទំនងគ្នាខុស។ 
 
បើតាមលោក Sullivan ការស្តារទំនាក់ទំនងយោធាជាមួយចិនឡើងវិញ អាចធ្វើឡើងនៅគ្រប់កម្រិតទាំងអស់ ដោយគិតចាប់ពីកិច្ចសន្ទនាមន្រ្តីយោធាជាន់ខ្ពស់ ទៅដល់កម្រិតប្រតិបត្តិការយុទ្ធវិធី។ 
 
នៅក្នុងកិច្ចសម្ភាសដោយឡែកមួយទៀតជាមួយសារព័ត៌មាន CNN មន្រ្តីសេតវិមានរូបនេះ បានបន្ថែមថា លោកបៃឌិន នឹងស្វះស្វែងរកការរឹតចំណងយោធា តាមរយៈជំនួបជាមួយមេដឹកនាំចិននៅក្នុងក្រុង San Francisco។ ត្រង់ចំណុចនេះ លោក Sullivan បានចាត់ទុកប្រធានបទយោធា ជារបៀបវារៈដ៏សំខាន់នៅក្នុងកិច្ចសន្ទនារវាងលោកបៃឌិន និងលោកស៊ី។ 
 
ជំនួបប្រធានាធិបតីអាម៉េរិក និងចិន នៅក្នុងទឹកដីអាម៉េរិកនេះ នឹងក្លាយជាជំនួបជួបផ្ទាល់លើកទីពីរ បើគិតចាប់តាំងពីលោកបៃឌិន កាន់តំណែង នៅក្នុងខែមករា ឆ្នាំ២០២១។ ជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ កើតមាននៅកោះបាលី ឥណ្ឌូណេស៊ី ឆ្នាំ២០២២។ 
 
កន្លងមក អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre បានអះអាងថា មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាពីការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការរួមគ្នាលើផលប្រយោជន៍រួម និងបញ្ហាប្រឈមឆ្លងព្រំដែន ដែលជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ។ បញ្ហាកោះតៃវ៉ាន់ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ក៏ជាប្រធានបទដ៏ក្តៅសម្រាប់លោកស៊ី និងលោកបៃឌិនផង។
 
ជាច្រើនលើកមកហើយ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានស្នើសុំជួបសមភាគីចិន ដើម្បីជជែកពីទំនាក់់ទំនងយោធាប្រទេសទាំងពីរ។ នៅចុងខែឧសភា ឆ្នាំ២០២៣ លោក អូស្ទីន បានស្នើជួបលោក Li Shangfu មុនពេលលោកត្រូវបានចិនដកតំណែងក្នុងពេលថ្មីៗនេះ។ 
 
យ៉ាងណាមិញ សំណើនោះត្រូវបានចិនបដិសេធ និងជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មជាឯកតោភាគីលើមន្រ្តី ក្រុមហ៊ុន និងស្ថាប័នចិនជាមុនសិន ដើម្បីទទួលបានកិច្ចសន្ទនាប្រកបដោយផ្លែផ្កា។ ក្នុងឆ្នាំ២០២៨ លោក Li ត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ដោយសារលក់អាវុធឱ្យរុស្ស៊ី។ 
 
ជាថ្មីម្តងទៀត នៅដើមខែវិច្ឆិកា លោកអូស្ទីន បានស្នើជួបរដ្ឋមន្រ្តីការពារជាតិចិនថ្មី នៅឥណ្ឌូណេស៊ី បើទោះកៅអីប្រមុខការពារជាតិចិន នៅទំនេរក៏ដោយ៕ 
 

Tag:
 អាម៉េរិក
 ​ ចិន
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com