អន្តរជាតិ
លោកស៊ី នឹងជួបជាមួយលោកបៃឌិន ដើម្បីជជែកពីពាណិជ្ជកម្ម និងកោះតៃវ៉ាន់
11, Nov 2023 , 1:59 pm        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាព AFP
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅទីក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-ចិន និងកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា។



ស្របពេលចិន និងអាម៉េរិក កំពុងមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន លោក ស៊ី ជិនភីង  នឹងបំពេញទស្សនកិច្ចនៅទីក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ា តាមការអញ្ជើញរបស់សមភាគីអាម៉េរិក លោក ចូ បៃឌិន នៅពេលកន្លងមក។ មិនតែប៉ុណ្ណោះ លោក ស៊ី ក៏ចូលរួមកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកផង។ 
 
ក្នុងជំនួបដ៏សំខាន់នេះ លោក ស៊ី នឹងលើកយកបញ្ហាកោះតៃវ៉ាន់ ដែលជាប្រធានបទដ៏សំខាន់ទៅជជែកជាមួយលោកបៃឌិន។ កន្លងមក ចិន បានចាត់ទុកកោះតៃវ៉ាន់ ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre មេដឹកនាំប្រទេសទាំងពីរ ពិភាក្សាពីការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការរួមគ្នាលើផលប្រយោជន៍រួម និងបញ្ហាប្រឈមឆ្លងព្រំដែន ដែលជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ប្រធានាធិបតីចិន បានជួបជាមួយសមភាគីអាម៉េរិកដោយផ្ទាល់លើកចុងក្រោយ នៅក្នុងកិច្ចប្រជុំ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២។ 
 
កន្លងមក ចិន និងអាម៉េរិក តែងមានការប៉ះទង្គិចពាក្យសម្តីជាមួយគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ តុល្យភាពពាណិជ្ជកម្ម ហុងកុង និងបញ្ហាជាច្រើនទៀត៕
 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com