ជាតិ
សង្គមជាតិ
ជំនាញវិជ្ជាជីវៈដូនតា ត្រូវបានដាក់ចូលកម្មវិធីបណ្ដុះបណ្ដាលនៃគោលនយោបាយអាទិភាព
14, Nov 2023 , 3:23 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SHS
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SHS
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចដាក់ជំនាញវិជ្ជាជីវៈដូនតា ចូលក្នុង កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

 
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវ ក្នុងការចុះឈ្មោះចូលរៀនកម្មវិធីជំនាញវិជ្ជាជីវៈដូនតា និងបញ្ជាក់ពីលក្ខខណ្ឌសិក្សា របស់យុវជន មកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ការរៀនជំនាញវិជ្ជាជីវៈដូនតា នឹងរៀបចំឡើងតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមអនុក្រឹត្យស្ដីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលចេញដោយសម្ដេច ហ៊ុន ម៉ាណែត។ 
 
កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនេះ នឹងជួយដល់និស្សិតក្រីក្រជាង១,៥លាននាក់។ កាលពីដើមឆ្នាំ២០២៣ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យនិស្សិតយ៉ាងហោចណាស់ពី២ភាគរយ ទៅ៤ភាគរយ សិក្សាវិជ្ជាជីវៈជំនាញដូនតា។ «ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួង ជាដើម»។ ទាំងនេះស្ថិតក្នុងជំនាញវិជ្ជាជីវៈដូនតា ដែលសម្ដេច ហ៊ុន សែន បានលើកឡើង ហើយស្នើឱ្យមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ដើម្បីកុំឱ្យបាត់បង់វិជ្ជាជីវៈទាំងនេះ។ 
 
ក្រសួងវប្បធម៌ មានតួនាទីអនុវត្តការងារចាំបាច់នានា ក្នុងដំណើរការបណ្ដុះបណ្ដាលនេះ រហូតដល់ការផ្ដល់សេវាប្រឹក្សាការងារ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ ត្រូវធ្វើរបាយការណ៍ ទិន្នន័យ ព័ត៌មាន និងផ្ទៀងទន្និន័យផ្សេងៗ តាមតម្រូវការរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ 
 
សូមជម្រាបថា យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ អំឡុងពេលចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញនេះ។ 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com