កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន បន្ថែមប្រាក់លើកទឹកចិត្តស៊ីហ្គេម-ប៉ារ៉ាហ្គេម៖ មេដាយមាស៥ពាន់ ប្រាក់៣ពាន់ និងសំរឹទ្ធ៣ពាន់ដុល្លារ 
សម្តេច ទៀ បាញ់ ផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកដណ្តើមបានមេដាយ។ រូបភាព NOCC
×![]()
សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំណាយថវិកាផ្ទាល់សរុបជិត៧លានដុល្លារអាម៉េរិក ជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់កីឡាករ-កីឡាការិនី ដែលឈ្នះមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។
សម្តេច ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន គណៈកម្មាធិការជាតិ រៀប ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC/CAMAPGOC) នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆកា បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តសរុប ២៨ ១៣៤ ៩០០០០០រៀល ដោយក្នុងនោះ ២៣ ៣៤៣ ៦០០ ០០០ រៀល សម្រាប់អត្តពលិកស៊ីហ្គេម និង ៤ ៧៩១ ៣០០ ០០០ រៀល សម្រាប់អត្តពលិកប៉ារ៉ាហ្គេម ដែលរៀបចំនៅទីស្ដីការក្រសួងការពារជាតិ។
ទឹកប្រាក់ប្រមាណជិត៣០ពាន់លានរៀល ឬជិត៧លានដុល្លារអាម៉េរិក ដែលជាថវិការផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជូនអត្តពលិកស៊ីហ្គេមចំនួន៦១០នាក់ ដែលដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧ រួមជាមួយអត្តពលិកមានពិការភាពចំនួន១៤៨នាក់ ដែលប្រជែងបានមេដាយមាស៩ ប្រាក់១៩ និងសំរឹទ្ធ៤៥ សរុប៧៣មេដាយ។ សរុបទាំងមេដាយទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេមមានចំនួន៣៥៣មេដាយ ដោយមេដាយមាស៩០ ប្រាក់៩២ និងសំរឹទ្ធ១៧១។
ពិធីផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅទីស្ដីការក្រសួងការពារជាតិ
បើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលដណ្តើមបានមេដាយមាសមួយ ទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៥ពាន់ដុល្លារ ប្រាក់ ៣ពាន់ដុល្លារ និងសំរឹទ្ធ ២ពាន់ដុល្លារ។ ដូច្នេះ មានន័យថា អត្តពលិកដែលប្រជែងបានមេដាយមាសច្រើន ដូចជាកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី និង ពៅ សុខា ជាដើមនោះ នឹងបានប្រាក់រង្វាន់គុណតាមចំនួនមេដាយដែលរកបាន។
ក្រោមអធិបតីភាពសម្ដេច ទៀ បាញ់ដដែល កាលពីថ្ងៃទី២៧ ខែមិថុនា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជារួចមកហើយ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័លាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដែលមានទឹកប្រាក់សរុបចំនួនជាង២៧ពាន់លានរៀល ឬប្រមាណជិត ៦,៦៦លានដុល្លារ។
ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើនៅថ្ងៃទី៤ ដល់១៧ ខែឧសភា និងប៉ារ៉ាហ្គេមលើកទី១២ ធ្វើនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ជាប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា បានចំណាយប្រាក់សរុបពីសំណាក់រដ្ឋាភិបាល និងសម្តេច ហ៊ុន សែន ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបជិត១៤លានដុល្លារអាម៉េរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com