ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល បញ្ជាឱ្យបណ្ដេញមន្ត្រី៤នាក់ពីក្របខណ្ឌ ដោយសារបាញ់កាំភ្លើង២០០គ្រាប់ នៅគិរីរម្យ
15, Nov 2023 , 5:02 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបពី STPM
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា» សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា កណីបាញ់បោះ២០០គ្រាប់ នៅភ្នំគិរីរម្យ រកឃើញជនល្មើសជាមន្ត្រី៤នាក់។ សម្ដេច សង្កត់ធ្ងន់ថា ពួកគេទាំង៤នាក់នោះ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ។

 
មកដល់ពេលនេះ ជនសង្ស័យទាំង៤នាក់នោះ គេពុំទាន់ដឹងថាជានរណាខ្លះនៅឡើយទេ។  ចំណែក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ សុំមិនបង្ហាញអត្តសញ្ញាណមន្ត្រីទាំង៤រូប ដែលបានចូលទៅសារភាពពីកំហុសរបស់ខ្លួននោះទេ ។ លោក សំណាង គ្រាន់តែបង្ហើបថា បុគ្គលទាំង៤រូបនោះ ជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។ យ៉ាងណា អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានផ្ដែផ្ដាំដល់មន្ត្រីអំណាចធំៗ កុំតាំងខ្លួនក្អេងក្អាង និងសំអាងអំណាច ហើយត្រូវចាំថា ប្រព្រឹត្តខុសច្បាប់ ត្រូវមានទោស។  
 
ចំណែក លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនសង្ស័យទាំង៤ខាងលើ ដែលត្រូវបណ្ដេញចេញពីក្របខណ្ឌ មិនស្ថិតក្រោមអង្គភាពក្រសួងមហាផ្ទៃឡើយ។ 
 
សូមជម្រាបថា ថ្មីៗនេះ ក្នុងបណ្ដាញសង្គម បានចែកចាយបន្តគ្នាពីករណីមន្ត្រីនគរបាលមួយក្រុមបាន បាញ់គ្រាប់កាំភ្លើងជាង២០០គ្រាប់ នៅចំណុចផ្ទះលំហែ ស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ក្នុងតំបន់រមណីយដ្ឋានគិរីរម្យ កាលពីយប់ថ្ងៃទី១១វិច្ឆិកា។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ លោក វ៉ី សំណាង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១៤ វិច្ឆិកាថា គ្រាប់កាំភ្លើងដែលបាញ់នោះ មានប្រភេទកាំភ្លើងខ្លី និងគ្រាប់AKជាដើម។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com