ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ៖ ទស្សនៈជ្រុលនិយម មិនថាក្នុងសាសនា ឬនយោបាយ ត្រូវលុបបំបាត់ទាំងអស់
17, Nov 2023 , 10:58 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ទស្សនៈជ្រុលនិយម មិនឱ្យកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ។ នាយករដ្ឋមន្រ្តី ប្រកាសបែបនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) នាព្រឹកថ្ងៃទី១៧ វិច្ឆិកា។



«ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថា នៅក្នុងសាសនា ឬនយោបាយនោះទេ ត្រូវតែលុបបំបាត់និងបំផ្លាញចោលទាំងអស់ ព្រោះវាធ្វើឱ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព និងសេរីភាព»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា សង្គ្រាមកើតឡើង ដោយមិនចាំបាច់ប្រើអាវុធនោះទេ ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានពន្យល់ថា អាវុធគ្រាន់តែជាឧបករណ៍ប្រើប្រាស់ប៉ុណ្ណោះ។ ប៉ុន្តែជម្លោះផ្លូវចិត្តវិញ គឺអាចបង្កើតជាសង្គ្រាមបាន តាមរយៈការរើសអើង ការលាបព័ណ៌ឱ្យស្អប់គ្នា ។ សម្ដេច បានបន្ថែមថា ៖«ហើយបើស្អប់គ្នាហើយ មិនចាំបាច់មានអាវុធទេ សូម្បីតែប្រើតៃដៃ និងដុំថ្ម ក៏អាចបង្កើតសង្គ្រាមបានដែរ»។    
 
ដោយសារមើលឃើញចំណុចនេះ ទើបនាយករដ្ឋមន្រ្តី ប្រកាសលុបបំបាត់ទស្សនជ្រុលនិយម ដោយមិនឱ្យមានការរើសអើង និងលាបព័ណ៌គ្នា នៅក្នុងវិស័យសាសនា ទាំងព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា ហិណ្ឌូសាសនា និងគ្រឹស្តសាសនា នៅកម្ពុជាទេ។ ចំណែកនៅក្នុងផ្នែកនយោបាយវិញ គឺរឹតតែមិនឱ្យកើតមានហើយ។
 
ដើម្បីលុបបំបាត់ទស្សនៈជ្រុលនិយមនេះបាន មនុស្សទាំងអស់ ត្រូវប្រកាន់យកផ្លូវកណ្ដាល ចេះអត់ឱន អធ្យាស្រ័យ យោគយល់ និងស្រលាញ់គ្នា ដោយមិនរើសអើង និងប្រកាន់និន្នាការនិយម។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា នយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ កើតចេញពីការធ្វើបុណ្យ។
 
កាលពីថ្ងៃទី១៦ វិច្ឆិកា សម្ដេច ហ៊ុន សែន ក៏ជំរុញឱ្យរណសិរ្សសាមគ្គីបក្សខ្លួន ប្រឹងប្រែងពង្រឹង និងពង្រីករចនាចាត់តាំងថ្មី សមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ដើម្បីវឌ្ឍនភាព និងការអភិវឌ្ឍ។ រណសិរ្យសាមគ្គី ត្រូវចុះប្រមូល និងអប់រំ ពន្យល់ពីនយោបាយរដ្ឋាភិបាល។ ជាពិសេសទប់ស្កាត់សកម្មភាពនានា ដែលនាំដល់ការបំបែកបំបាក់ជាតិ និងបំផុសចលនាជាតិ ប្រឆាំងគំនិតជ្រុលនិយមគ្រប់ទម្រង់។
 
ត្រង់ចំណុចនេះ ប្រមុខបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាឡេស្ទីន គឺកើតចេញនយោបាយជ្រុលនិយម ហើយនៅកម្ពុជា ក៏អាចកើតមានដោយសារមនុស្សមួយក្រុមតូច ដែលមានមេដឹកនាំពីក្រោយ នៅក្រៅប្រទេសដែរ។ ដូច្នេះសម្ដេច ផ្ដាំឱ្យមន្រ្តីទាំងអស់ តាមដាន និងទប់ស្កាត់សកម្មភាពនយោបាយជ្រុលនិយមនេះ។ បើតាមសម្ដេច ហ៊ុន សែន នយោបាយគំនិតជ្រុលនិយម គឺពិតជាគ្រោះថ្នាក់ ដែលត្រូវការលុបបំបាត់ចោល ។

អត្ថបទទាក់ទង

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com