ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល នឹងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង តាមក្រសួងឡើងវិញ នៅឆ្នាំ២០២៤
20, Nov 2023 , 11:30 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ទាមទារឱ្យមន្រ្តី ចេញសកម្មភាពអនុវត្តការងារជាក់ស្ដែង ជាងការចេញគោលនយោបាយហើយ យកទៅទុកចោល។ សម្ដេចនាយករដ្ឋមន្ត្រី ឱ្យតម្លៃលើការអនុវត្ត ជាងទ្រឹស្តីគោលនយោបាយ ដែលបានប្រថាប់ត្រាហើយ។



«បរាជ័យ ឬមិនបរាជ័យ គឺអាស្រ័យលើការអនុវត្តដោយប្រសិទ្ធភាពនេះឯង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រដ្ឋាភិបាលអណត្តិទី៧ ដែលផ្តោតលើវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ វិច្ឆិកា។
 
ថ្លែងចំពោះមុខរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ប្រមុខរដ្ឋាភិបាល ក៏មើលឃើញដែរពីបញ្ហាធ្វើការជាន់គ្នា និងត្រួតស៊ីគ្នា របស់ក្រសួង និងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ដែលរំខានដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
 
បញ្ហាការងារជាន់គ្នា និងត្រួតស៊ីគ្នានេះ គឺសម្ដេច ហ៊ុន ម៉ាណែត ចង់សំដៅលើកិច្ចការងារតែមួយទេ តែវាពាក់ព័ន្ធ និងប្រទាក់ក្រឡាគ្នា ជាអន្តរក្រសួង ដែលពិបាកដល់ការសម្រេចចិត្តនានា របស់ថ្នាក់ដឹកនាំស្ថាប័នទាំងនោះ។ ជាពិសេសពិបាករកចំណុចឯកភាពគ្នា ដែលប៉ះពាល់ដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ។ 
 
ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី បានពន្យល់ថា ករណីបូមខ្សាច់កន្លងមក គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពលផង ហើយផ្នែកខ្លះទៀត ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងធនធានទឹក និងឧតុនិយមផង ។  
 
មើលឃើញចំណុចនេះហើយ សម្ដេច ហ៊ុន ម៉ាណែត នឹងដាក់ចេញផែនការកំណែទម្រង់រចនាសម្ព័ន្ធ តាមក្រសួង នៅឆ្នាំក្រោយ។ « អាណត្តិថ្មី នៅឆ្នាំ២០២៤នេះ គឺខ្ញុំដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈនេះ គឺគ្រប់ក្រសួងត្រូវពិនិត្យឡើងវិញ នូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់យើង ព្រោះកន្លែងខ្លះជាន់គ្នា»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
ដោយសារផែនការ និងគោលនយោបាយទាំងនេះ មានភាពប្រទាក់ក្រឡាគ្នា ជាអន្តរក្រសួង និងភាគីពាក់ព័ន្ធនេះ ទើបសម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រីចេះសហការគ្នា អនុវត្តផែនការ ដោយមិនត្រូវមើលស្រាលការងារ និងប្រចាំគ្នា ដូចពាក្យចាស់ពោលថា «គ្នាច្រើន អន្សមខ្លោចនោះទេ»។
 
ដើម្បីសម្រេចគោលដៅរួមនេះ នាយករដ្ឋមន្រ្តី បានពន្យល់ដោយលើកជាឧទាហរណ៍ថា បើការងារនោះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺរដ្ឋមន្រ្តីកសិកម្ម ត្រូវដឹកនាំក្បាលម៉ាស៊ីនរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធដូចជា ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម ក្នុងការពិភាក្សាគ្នារកចំណុចរួមមួយ ដាក់ចេញសកម្មភាព និងដំណោះស្រាយឱ្យចំគោលដៅ ទើបផែនការការងារមានប្រសិទ្ធភាព។
 
ចំពោះការបំពេញការងារទៀតសោត ក៏មិនអាស្រ័យលើការចំណាយច្រើន ទើបមានប្រសិទ្ធភាពដែរ។ ត្រង់ចំណុចនេះ សម្ដេច បានរំឭកជាថ្មី ឱ្យមន្ត្រី ចេះប្រើប្រាស់ថវិកាតិច តែចំគោលដៅវិញ ។ លោកនាយករដ្ឋមន្រ្តី ក្រើនរំលឹកឱ្យមន្ត្រីឱ្យធ្វើការដោយចេញពីបេះដូង ។

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com