ជាតិ
រដ្ឋាភិបាល ចាត់តាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ដឹកនាំក្រុមការងារចុះមូលដ្ឋាន
06, Dec 2023 , 9:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ជាប្រធានក្រុមការងារ ចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីគោលនយោបាយ រួមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។ ជាពិសេសប្រមូលយកព័ត៌មាន អំពីទុក្ខកង្វល់ពលរដ្ឋ និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា។


 
បើតាមសេចក្តីសម្រចរបស់ប្រមុខរដ្ឋាភិបាល កាលពីចុង ខែវិច្ឆិកា បានផ្ដល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម។ ក្នុងនោះ មានលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ូច បូរិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានទី១ នៃអាជ្ញាធរមីន, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច, លោក ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ជាអនុប្រធាន រួមទាំងមន្ត្រីតាមក្រសួងស្ថាប័ន ៩៥នាក់ទៀត ជាសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម។


ទន្ទឹមនេះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំក្រុមការងារចម្រុះចុះមូលដ្ឋានខេត្តកណ្ដាល។ ក្រុមការងារនេះ មានអនុប្រធាន១០រូប និងសមាជិក៣៩៧នាក់ ។ អនុប្រធាន១០រូប មានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន , លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក ជូន វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ា កុល រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ។


ចំពោះរាជធានីភ្នំពេញ ជាការទទួលខុសត្រូវរបស់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវដឹកនាំសមាសភាពក្រុមការងារ ២០២នាក់។ ក្នុងនោះមានអនុប្រធាន១៥នាក់ រួមមានលោក លោក ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ហូ សិទ្ធិ ទេសរដ្ឋមន្រ្តី និងជានាយកខុទ្ធកាល័យនាយករដ្ឋមន្រ្តី, លោក ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក អ៊ុក ប្រាថ្នា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ, លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី, លោក ម៉ី សំបូរ រដ្ឋលេខាធិកាប្រចាំការក្រសួងសុខាភិបាល, លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ, លោក ឈា ប៊ុនរិទ្ធ រដ្ឋមន្រ្តីប្រចាំការក្រសួងធនធានទឹក និងលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។


ដោយឡែកលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានចាត់តាំងឱ្យធ្វើប្រធានក្រុមការងារចុះខេត្តកោះកុង អមដោយអនុប្រធាន៦រូប រួមមានលោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ថៅ សុខមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក រស់ សុខដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ ក្នុងនោះមានមន្ត្រីតាមក្រសួងស្ថាប័ន ១០៨នាក់ទៀត ជាសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង។
 
លោក ទៀ សីហា ក៏ត្រូវទទួលខុសត្រូវក្រុមការងារនៅក្នុងខេត្តសៀមរាប ដែរ។ ក្រុមការងារលោក ទៀ សីហា ដែលត្រូវចុះជួយមូលដ្ឋានខេត្តជាប់បឹងទន្លេសាបនេះ មានចំនួន២៥០នាក់។ ក្នុងនោះមានអនុប្រធាន៥រូប រួមមានលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ, លោក ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ, លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។


ចំណែកលោកឧបនាយករដ្ឋមន្រ្តី វង្ស៊ី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវដឹកនាំមន្រ្តីតាមក្រសួងស្ថាប័ន ១៩១នាក់ទៀត ចុះបំពេញការងារនៅខេត្តកំពង់ឆ្នាំង។ ក្រុមការងារលោក វង្ស៊ី វិស្សុត មានអនុប្រធាន៧រូប រួមមាន លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី, លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ, លោក ស៊ាហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។


សម្រាប់ខេត្តបាត់ដំបងវិញ នឹងមានលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារចុះមូលដ្ឋាន។ លោក កើត រិទ្ធ ត្រូវដឹកនាំអនុប្រធាន និងសមាជិក៣៣០នាក់ ចុះជួយខេត្តជាប់បឹងទន្លេសាបមួយនេះ។ ក្រុមការងាររបស់រដ្ឋមន្ត្រីយុត្តិធម៌ មានអនុប្រធាន៥រូប ដូចជា លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប, លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ , លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។


លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវរ៉ាប់រងដឹកនាំក្រុមការងារ២៦២នាក់ ចុះជួយខេត្តព្រៃវែង។ ក្រុមការងារលោក ស សុខា មានអនុប្រធាន៧រូប ចាំជួយសម្របសម្រួលការងារ រួមមាន លោក ព្រុំ សុខា ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន , លោក ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ។


ងាកមកលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំក្រុមការងារចុះមូលដ្ឋានខេត្តចំនួន រួមមាន ខេត្តព្រះសីហនុ កែប និងកំពត ។ សម្រាប់ក្រុមការងារខេត្តព្រះសីហនុ មានអនុប្រធាន៥រូប និងសមាជិក៩៦នាក់។ អនុប្រធានទាំង៥ រូមមានលោក អៀង ម៉ូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន។
 
នៅខេត្តកំពត ឯណោះវិញ ក៏មានអនុប្រធាន៥រូប និងសមាជិក១៦៣នាក់ទៀត ត្រូវជួយដល់ការងាររបស់លោក សាយ សំអាល់ ដែរ ។ អនុប្រធានទាំង៥រូប រួមមានលោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស , លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , លោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
 
សម្រាប់ខេត្តកែប មានសមាសភាពក្រុមការងារ៦២នាក់។ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ត្រូវដឹកនាំអនុប្រធាន៤នាក់ និងមន្រ្តី៥៧នាក់ ជាសមាជិក ចុះជួយពង្រឹងខេត្តមាត់សមុទ្រ ដែលកំពុងពង្រីកសក្ដានុពលខ្លួននេះ។ អនុប្រធាន៤រូប រួមមានលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី, លោក ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកស្រី ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍។


ទន្ទឹមនេះលោក អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវរ៉ាប់រងការងារនៅក្នុងខេត្តប៉ៃលិន ។ លោក អ៊ី ឈាន ត្រូវដឹកនាំសមាជិកក្រុមការងារ៥៣នាក់ អនុវត្តកម្មវិធីគោលនយោបាយ រួមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។ លោក មានអនុប្រធាន៤រូប ចាំជួយសម្របសម្រួលការងារ ក្នុងនោះរួមមានលោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សារី កោសល្យ រដ្ឋលេខាធិការក្រសួងរ៉ែ។


ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក គន់ គីម ទទួលខុសត្រូវក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។ សមាជិកក្រុមការងារលោក គន់ គីម មាន៧៦រូប ក្នុងនោះមានអនុប្រធាន៥រូប។ អនុប្រធាន មានលោក គីម ប៊ុនថាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក ហ៊ូ សាគុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ចាប់ ភក្តី រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ។


ខេត្តកំពង់ធំ ជាភារកិច្ចរបស់លោក ថោង ខុន ទេសរដ្ឋមន្ត្រីបេសកកម្មពិសេស ដែលជាប្រធានក្រុមការងារអនុវត្តកម្មវិធីគោលនយោបាយ រួមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។ លោក ត្រូវដឹកនាំសមាជិកក្រុមការងារ១០៦នាក់ ក្នុងនោះអនុប្រធាន៥រូប រួមមានលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងលោក នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល។


ជាមួយគ្នានេះលោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រូវដឹកនាំក្រុមការងារ១២១នាក់ ចុះជួយខេត្តបន្ទាយមានជ័យ។ ក្រុមការងារលោក ឌីណា មានអនុប្រធាន៦រូប រួមមានលោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម, លោក ផាន ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល។


ខេត្តកំពង់ស្ពឺ ជាភារកិច្ចរបស់លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអ្នកទទួលខុសត្រូវដឹកនាំក្រុមការងារចុះមូលដ្ឋាន។ ក្រុមការងាររបស់លោក ហ៊ុន ម៉ានី មានអនុប្រធាន និងសមាជិក ១៨៨នាក់។ ក្នុងនោះ មានអនុប្រធាន៥រូប ដូចជាលោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ, លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ, លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , លោក គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកស្រី តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល។


លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង។ លោកស្រី សកុណា ត្រូវដឹកនាំក្រុមការងារ ដែលមានអនុប្រធាន និងសមាជិក ១០២នាក់។ អនុប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀងនេះ មានសមាភាព៥រូប រួមមានលោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកស្រី ឆឹង ស៊ីមន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងលោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត រ៉ាប់រងដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ។ ក្រុមការងារលោក វ៉ាន់ដេត មានអនុប្រធាន៥រូប និងសមាជិក១៣៣នាក់។ អនុប្រធាន៥រូប មានលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍, លោក ឆឺយ រឿន រដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្រ្តី, លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ និងលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម។ 


ដោយឡែកខេត្តក្រចេះ ជាភារកិច្ចរបស់លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា ត្រូវដឹកនាំសមាជិកក្រុមការងារ ១៤១នាក់ ចុះពង្រឹងខេត្ត។ ក្នុងនោះ មានអនុប្រធាន៥រូប ដូចជាលោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ចៅ ផល្លី រដ្ឋលេខាធិក្រសួងការពារជាតិ, លោក សាន់ សាប់អ៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក។


ដោយឡែកលោក កែវ រតនៈ ត្រូវទទួលខុសត្រូវដឹកនាំក្រុមការងារ ចុះជួយពង្រឹងមូលដ្ឋានខេត្តពោធិ៍សាត់។ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋរូបនេះ នឹងត្រូវដឹកនាំសមាភាពក្រុមការងារ ១០៣នាក់ ចុះជួយដល់ខេត្តជាប់បឹងទន្លេសាបមួយនេះ។ ក្នុងនោះ ក៏មានអនុប្រធាន៥រូប ចាំជួយសម្របសម្រួលដល់លោក កែវ រតនៈ ដែរ រួមមានលោក ទី នរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ, លោក ដាំ វុទ្ធី រដ្ឋលេខាធិការមហាផ្ទៃ, លោក ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ។


លោក អ៊ាង សុផល្លែត ជាអ្នករ៉ាប់រងចុះជួយការងារនៅក្នុងខេត្តត្បូងឃ្មុំ។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ នឹងត្រូវដឹកនាំសាមជិកក្រុមការងារ៩២នាក់ អនុវត្តកម្មវិធីគោលនយោបាយ រួមទាំងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ។ ក្រុមការងារលោក មានអនុប្រធាន៥រូប ក្នុងនោះលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក សេង សុមុនី រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ, លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល។


ចំណែកខេត្តព្រះវិហារ មានលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ។ លោក ម៉ៅ សុផាន ត្រូវដឹកនាំអនុប្រធាន៣រូប និងសមាជិក៨១រូប ចុះមូលដ្ឋាន។ អនុប្រធាន៣រូប មានលោក ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក វ៉ា សឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក។


ទន្ទឹមនេះ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវទទួលភារកិច្ចជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ក្រុមការងាររបស់លោក ឈួន វិន មានអនុប្រធាន៤រូប និងសមាជិក៥៤រូប។ អនុប្រធានទាំង៤រូប រួមមានលោក ដួង ហេង រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន។


សម្រាប់ខេត្តរតនគិរី មានលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធាន ដែលត្រូវដឹកនាំសមាជិកក្រុមការងារ៦១នាក់ ចុះជួយពង្រឹងមូលដ្ឋានខេត្ត។ ក្រុមការងារលោក ជៀង អំ មានអនុប្រធាន៥រូប លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច, លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ, លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម, លោក ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក មាស ម៉ូនីកា រដ្ឋលេខាធិការក្រសួងសាធារណការ។


នាទឹកដីភូមិភាគឦសានវិញ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ ដឹកនាំសមាជិក៥៥នាក់ ចុះជួយខេត្តស្ទឹងត្រែង។ ក្នុងនោះមានអនុប្រធាន៤រូប ដែលចាំជួយសម្របសម្រួលដល់ការងារលោក រួមមានលោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិកាក្រសួងសុខាភិបាល, លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម , លោក ឃី សុវណ្ណារតនា រដ្ឋលេខាធិការក្រសួងការបរទេស និងលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។


ដោយឡែកអភិបាលខេត្តនីមួយៗ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន។ ចំណែកតួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារចុះដ្ឋាន ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ប្រធានក្រុមការងារ មានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្រ្តីឱ្យចូលរួមក្នុងក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានតាមការចាំបាច់។
 
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទី តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ រួមទាំងការដោះស្រាយ ឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
 
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានភារកិច្ច លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីកម្មវិធីគោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន  ក៏ត្រូវសហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបផងដែរ។ 

Tag:
 នយោបាយ
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com