ជាតិ
រដ្ឋមន្រ្តីបរិស្ថាន ជំរុញការដាំត្នោតឡើងវិញ ដើម្បីលើកតម្លៃអត្តសញ្ញាណជាតិ
07, Dec 2023 , 3:02 pm        
រូបភាព
ដើមត្នោតក្នុងបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ រូបភាព៖ Dot.Trip Cambodia
ដើមត្នោតក្នុងបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ រូបភាព៖ Dot.Trip Cambodia
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តពលរដ្ឋឱ្យដាំដុះដើមត្នោតឡើងវិញ ដើម្បីលើកតម្លៃអត្តសញ្ញាណជាតិ។ តាមរយៈការជំរុញនេះ ក្រសួងបរិស្ថាន ក៏បានប្រកាសចែកកូនត្នោតជាង៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ ផងដែរ។



អត្ថបទទាក់ទង
 
ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និង ការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» ថ្ងៃទី៦ ខែធ្នូ នៅទីស្តីការក្រសួងប លោក អ៊ាង សុផល្លែត បានបន្ថែមថា ការលើកទឹកចិត្តឱ្យពលរដ្ឋដាំត្នោតនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញទៅដល់ទេសចរជាតិ និងអន្តរជាតិ អំពីមរតកដ៏មានតម្លៃពីសម័យអតីតកាល និងការធ្វើទំនើបកម្មក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ឱ្យផ្តល់ជាប្រយោជន៍ ដល់ពលរដ្ឋគ្រប់រូប។

ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។ ស្ករត្នោតដែល បានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពល ជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ។


លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន 

ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត។ ដូច្នេះ ដើម្បីងាយស្រួលក្នុងការប្រមូលផលថែមទៀត នោះត្រូវអនុវត្តការដាំដុះជាជួរ ដោយមានគម្លាត ៤ម៉ែត្រ១ដើម ព្រោះថានៅពេលកសិករឡើងតែ១ដើម អាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយឱ្យពួកគេ រកចំណូលបានកាន់តែល្អប្រសើរ។ លើសពីនេះ សោភ័ណភាព នៃការដាំជួយឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ៕

Tag:
 អ៊ាង សុផល្លែត
  ក្រសួងបរិស្ថាន
  ត្នោត
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com