អន្តរជាតិ
ហ្គេម និងខ្វះអាហារូបត្ថម្ភ ធ្វើឱ្យសិស្សថៃខ្សោយគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត
07, Dec 2023 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីអប់រំថៃ លោក Permpoon Chidchob (រូបក្នុងរង្វង់)។ រូបភាព AFP
រដ្ឋមន្រ្តីអប់រំថៃ លោក Permpoon Chidchob (រូបក្នុងរង្វង់)។ រូបភាព AFP
សិស្សថៃ ដែលមានវ័យ១៥ឆ្នាំ ទទួលបានលទ្ធផលខ្សោយលើមុខវិជ្ជាគណិតវិជ្ជា ការអាន និងវិទ្យាសាស្រ្ត នៅក្នុងការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) កាលពីឆ្នាំ២០២២។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីអប់រំថៃ នៅថ្ងៃទី៦ ខែធ្នូ បានទទួលស្គាល់ពីលទ្ធផលធ្លាក់ចុះនៃការសិក្សារបស់សិស្ស ហើយប្តេជ្ញាកែលម្អការសិក្សាសិស្សវ័យជំទង់ឡើងវិញ។ 


 
ក្នុងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ក្នុងឆ្នាំ២០២២ សិស្សវ័យជំទង់ថៃ ទទួលបានលទ្ធផលខ្សោយលើមុខវិជ្ជា គណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ 
 
ទាក់ទិននឹងបញ្ហានេះ នាយឧត្តមសេនីយ៍ Permpoon Chidchob រដ្ឋមន្រ្តីអប់រំថៃ នៅថ្ងៃទី៦ ខែធ្នូ បានទទួលស្គាល់ពីការធ្លាក់ចុះនៃការសិក្សារបស់សិក្សវ័យ ១៥ឆ្នាំ និងប្តេជ្ញាកែលម្អលទ្ធផលឡើងវិញសម្រាប់ឆ្នាំ ២០២៥។ 
 
«រដ្ឋាភិបាល និងរដ្ឋមន្រ្តីអប់រំ នឹងដោះស្រាយបញ្ហាឱ្យបានឆាប់បំផុត និងទទួលបានលទ្ធផលដ៏ល្អមួយ»។ លោក Permpoon បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាមិនមែនមានតែសិស្សថៃឡើយ ដែលទទួលបានលទ្ធផលខ្សោយ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក ក៏ប្រឈមនឹងបញ្ហាអប់រំក្នុងបរិបទជំងឺកូវីដ-១៩ ផងដែរ។ 
 
បើតាមរដ្ឋមន្រ្តីអប់រំ លទ្ធផលសិស្សវ័យជំទង់ នឹងមានការកែលម្អនៅក្នុងឆ្នាំ២០២៥ ហើយប្រសិនបើគ្មានការកែលម្អ លោកនឹងទទួលខុសត្រូវលើបញ្ហានេះ។ 
 
ចំណែក លោក Sompong Jitradab អ្នកជំនាញផ្នែកអប់រំ បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា លទ្ធផលខ្សោយរបស់សិស្ស បានបង្ហាញពីប្រព័ន្ធអប់រំថៃ កំពុងធ្លាក់ចុះ និងហួសសម័យ។ ត្រង់ចំណុចនេះ អតីតសាស្រ្តាចារ្យនៅសកលវិទ្យាល័យជូឡាឡុងកន ដែលជាសកលវិទ្យាល័យលំដាប់លេខមួយនៅថៃ បានកត់សម្គាល់ថា កង្វះអាហារផ្តល់ សារធាតុចញ្ចឹមគ្រប់គ្រាន់ និងហ្គេមអនឡាន កំពុងជះឥទ្ធិពលលើមនុស្សវ័យជំទង់។ 
 
ក្នុងការវាយតម្លៃលើប្រទេស និងតំបន់ចំនួន ៨១ សិស្សវ័យជំទង់ថៃ ទទួលបានចំណាត់ថ្នាក់ ៥៨នៅក្នុងផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ត ខណៈការអាន ស្ថិតក្នុងចំណាត់ថ្នាក់ទី៦៤។ 
 
តាមការវាយតម្លៃខាងលើ សិស្សរបស់ថៃ ទទួលបានពិន្ទុ ៣៩៤ លើមុខវិជ្ជាគណិតវិទ្យា ដោយធ្លាក់ចុះពី ៤១៩ នៅក្នុងឆ្នាំ២០១៨។ ចំណែកផ្នែកវិទ្យាសាស្រ្ត សិស្សទទួលបាន ៤០៩ ដោយថយចុះពីពិន្ទុ ៤២៦ ហើយការអានទទួលបានពិន្ទុ ៣៧៩ ដោយអស់ពិន្ទុពី ៣៩៣។ 
 
ក្នុងរបាយការណ៍កន្លងមក អង្គការ OECD បានយល់ឃើញថា ការប្រើប្រាស់ទូរសព្ទនៅពេលទំនេរ និងសាលារៀនមួយចំនួនខ្វះគ្រូបង្រៀន អាចជាហេតុផលដ៏សំខាន់លើលទ្ធផលដ៏ទាបនេះ។ អង្គការដដែល បានបន្តថា ជំងឺកូវីដ-១៩ និងការបិទសាលា ក៏អាចជាការចូលរួមចំណែកធ្វើឱ្យសិស្សមានលទ្ធផលខ្សោយផងដែរ។
 
មិនមែនតែថៃឡើយដែលសិស្ស មានពិន្ធុធ្លាក់ចុះ អាល្លឺម៉ង់ ន័រវេស ហូឡង់ និងប៉ូឡូញជាដើម បានប្រឈមនឹងបញ្ហាស្រដៀងនេះ។ ជាមធ្យមនៃបណ្តាប្រទេសចូលរួម មនុស្សវ័យជំទង់ចំនួន ១ភាគ៤ មានទទួលបានលទ្ធផលទាបក្នុងជំនាញគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ បានសេចក្តីថា មនុស្សវ័យជំទង់ទាំងនោះ មិនចេះពីមូលដ្ឋាននៃគណិតវិទ្យា និងពាក្យសាមញ្ញៗ៕ 
 
 

Tag:
 ថៃ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com