កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះ Newcastle ជួយ Everton គេចផុតតំបន់កាត់ចោល ក្រោយពិន័យដក១០ពិន្ទុ
08, Dec 2023 , 11:59 am        
រូបភាព
Everton អាចគេចផុតតំបន់ត្រូវកាត់ចោលពីក្រមខណ្ឌ Premier League បន្ទាប់ពីលត់ក្រុមឡើងជើង Newcastle United ក្នុងលទ្ធផល ៣-០។ West Ham United វាយយកឈ្នះ Tottenham Hotspur ២-១។



ត្រឹមរយៈ ២០ ថ្ងៃបន្ទាប់ពីធ្លាក់ចូលទៅតំបន់គ្រោះថ្នាក់ ពេលនេះ Everton បានងើបរួចវិញ ដោយផ្តល់ភាពអាម៉ាសឱ្យ Newcastle។ Dwight McNeil, Abdoulaye Doucoure និង Beto បានជួយឱ្យរបស់លោក Sean Dyche រកបាន៣ពិន្ទុដ៏សំខាន់នៅជំនួបលីគសប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី៧ ខែធ្នូ។
 
១៥ប្រកួតដើមរដូវកាល២០២៣-២៤ នេះ Everton ធ្វើបានល្អហើយដោយឈ្នះ៦ ស្មើ២ និងចាញ់៧លើក។ ប៉ុន្តែដោយសារក្លិបនេះ រងពិន័យដក១០ពិន្ទុ ជុំវិញបទចោទរំលោភលើច្បាប់ស្តីពីផលចំណេញ និងនិរន្តរភាព (PSRs) របស់លីគ ទើបត្រូវធ្លាក់ពីលេខ១៤ ទៅបាតតារាង។ យ៉ាងណាក៏ដោយ នៅពេលនេះ Everton បានឡើងទៅលេខ១៧ ក្នុងតារាងលីគកំពូលអង់គ្លេសវិញ ដោយមាន១០ពិន្ទុ នាំមុខ Luton Town ដែលនៅលេខ១៨ ចំនួន១ពិន្ទុ។
 
ដោយឡែក Spurs បានរងបរាជ័យជាលើកទី៤ ក្នុងចំណោម៥ប្រកួតចុងក្រោយ បន្ទាប់ពីត្រូវបាន West Ham វាយបកយកឈ្នះ ២-១ នៅជំនួបសប្តាហ៍ទី១៥ ក្នុងដីខ្លួនឯង។ ខ្សែការពារ Cristian Romero ដែលទើបរួចផុតបម្រាមកាតក្រហម ជាអ្នកសម្រេចទីនាំមុខឱ្យក្រុមរហស្សនាមមាន់ខ្នាយមាស នៅនាទី១១ មុនពេល Jarrod Bowen និង James Ward-Prowse រកបានម្នាក់១គ្រាប់វិញនៅនាទី៥២​ និង៧៤។
 
Spurs ដែលធ្វើបានល្អនៅប៉ុន្មានប្រកួតដំបូងដើមរដូវកាល ស្ថិតនៅចំណាត់ថ្នាក់ទី៥ បណ្តោះអាសន្ន ដោយរកបាន២៧ពិន្ទុ ស្មើក្រុមលេខ៦ Manchester United តាមពីក្រោយក្រុមលេខ៤ Manchester City ៣ពិន្ទុ។
 
West Ham នៅរក្សាលេខ៩ ដដែល ដោយរកបាន២៤ពិន្ទុ ពីការប្រកួត១៥លើក។ Burnley លេខ១៩ និង Sheffield United នៅបាតតារាង ដោយមាន៧ពិន្ទុ និង៥ពិន្ទុ៕
 

Tag:
 Premier League
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com