ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់វៀតណាមថា «គម្រោងព្រែកជីកហ្វូណន-តេជោ» មិនប៉ះពាល់ប្រព័ន្ធទឹកទន្លេមេគង្គឡើយ
13, Dec 2023 , 10:27 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបជជែកគ្នា នាគ្រាជូនដំណេីរមាតុភូមិនិវត្ត​ន៍ដល់គណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ធ្នូ ២០២៣។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបជជែកគ្នា នាគ្រាជូនដំណេីរមាតុភូមិនិវត្ត​ន៍ដល់គណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ធ្នូ ២០២៣។
សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ភាគីវៀតណាម កុំឱ្យមានការព្រួយបារម្ភ ចំពោះ«គម្រោងព្រែកជីកហ្វូណន-តេជោ» ដែលកម្ពុជា គ្រោងរៀបចំឡើង ដើម្បីពង្រីកដំណើរការដឹកជញ្ជូនតាមផ្លូវទឹក។ នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅវៀតណាម ២ថ្ងៃ កាលពីថ្ងៃទី១១ និង១២ ធ្នូ។



ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ភាគីវៀតណាមថា «គម្រោងព្រែកជីកហ្វូណន-តេជោ» មិនប៉ះពាល់ប្រព័ន្ធទឹកទន្លេមេគង្គឡើយ។ នេះជាការលើកឡើងរបស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
 
លោក ហ្សង់ហ្វ្រង់ស័រ​ តាន់ បានស្រង់សម្តីសម្ដេច ហ៊ុន ម៉ាណែត ក្នុងជំនួបភាគីវៀតណាម មកប្រាប់អ្នកសារព័ត៌មានទៀតថា គម្រោងនេះ មិនបង្កផលប៉ះពាល់ជាភាពអវិជ្ជមានដល់របបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទេ។ ជាពិសេសរក្សាបាននូវ បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវចម្រុះ ។
 
«ជារួម សម្ដេចធិបតី យល់ឃើញថា សម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា តទៅថ្ងៃមុខ នារយៈកាលខ្លី និងមធ្យម វាមិនបង្កបញ្ហាលំហូរទឹក និងបរិស្ថាន ដល់វៀតណាមទេ។ ហើយនេះជាការសិក្សាជាក់ស្ដែង ពីព្រោះគម្រោងនេះ ចង់មិនចង់ ជាការបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេគង្គ ទៅទន្លេផ្សេង ក្រៅពីអាងទន្លេមេគង្គ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
 
ដោយសារតែ«គម្រោងព្រែកជីកហ្វូណន-តេជោ» នេះ ស្ថិតនៅក្នុងការប្រទាក់ក្រឡាគ្នា ជាមួយដងទន្លេមេគង្គ ទើបភាគីវៀតណាម មានការព្រួយបារម្ភ និងចង់បានការពន្យល់បន្ថែមពីកម្ពុជា។ ក្រោយពន្យល់ទៅភាគីវៀតណាមហើយ គម្រោងរបស់រដ្ឋាភិបាលកម្ពុជាមួយនេះ នឹងបន្តជាធម្មតា តាមផែនការ។
 
ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន លោក ហ្សង់ហ្វ្រង់ស័រ​ តាន់ បានបកស្រាយបន្ថែមថា៖«ដូចខ្ញុំបញ្ជាក់អម្បាញ់មិញច្បាស់ក្រឡែត គឺថាខាងវៀតណាម លោកគ្រាន់តែបារម្ភថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងអាចជះផលអវិជ្ជមានទៅលើដងទន្លេមេគង្គ ម៉្លោះហើយប្រទេសកម្ពុជា បានបង្ហាញនូវលទ្ធផលនៃការសិក្សាមួយចំនួន ដែលបញ្ជាក់ថា គ្មានឡើយផលប៉ះពាល់ទៅលើបរិស្ថាន។ ម្ល៉ោះហើយ ដូចខ្ញុំបញ្ជាក់អម្បាញ់មិញ នេះគឺជាគម្រោងធំមួយរយៈពេលខ្លីខាងមុខ ដើម្បីអូសទាញកម្ពុជា ទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្ត»។
 
កាលពីខែតុលាកន្លងមក រដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុនឈានដល់ការចរចា​លើកិច្ច​ព្រម​ព្រៀងសាងសង់។ ការសម្រេចនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ(Framework Agreement)រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។​ បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនចិន CRBC សិក្សាលម្អិតលើគម្រោង«ព្រែកជីកហ្វូណន​តេជោ» ក្នុងរយៈពេល៨ខែ។ 
 
តាមការសិក្សាផ្លូវទឹកនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
 
ជាមួយគ្នានោះ ក៏មានការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ គឺនឹងការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ ការប្រើប្រាស់វិធីសាស្ត្រទាំងពីរប្រភេទនេះ គឺមានលក្ខណៈសមស្របទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍ ដែលគម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។
 
តាមលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច គម្រោងផ្លូវទឹកថ្មីនេះ នឹងត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។
 
គម្រោងនេះ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់ចរន្តសេដ្ឋកិច្ចផងដែរ ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ។ 
 
អត្ថបទទាក់ទង
 
លទ្ធផលនៃការសិក្សាបង្ហាញឱ្យឃើញថា គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានការប្រែប្រួល អាកាសធាតុបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០,៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ភាគរយក្នុងមួយថ្ងៃ។ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ១,២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួចនឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com