ជាតិ
សង្គមជាតិ
អធិការរងក្រុងកំពតម្នាក់ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយសារប្រើប្រាស់គ្រឿងញៀន
18, Dec 2023 , 3:40 pm        
រូបភាព
លោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយសារពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ នេះបើតាមស្នងការរដ្ឋាននគរបាលខេត្តកំពត ដែលបានបង្ហោះខ្លឹមសារ អមជាមួយរូបភាពមួយសន្លឹក នៅហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៧ ធ្នូ។



ស្នងការនគរបាលខេត្តកំពត បានសង្កត់ធ្ងន់ថា ការបណ្ដេញលោក មាស ពិសិដ្ឋ ចេញពីក្របខណ្ឌនេះ គឺមានគោលការណ៍ត្រឹមត្រូវ ពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងស្របតាមគោលគំនិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ ក្នុងការអនុវត្តវិធានការលើកងកម្លាំង ដែលប្រព្រឹត្តខុស ។ ស្នងការនគរបាលខេត្តកំពត ចាត់ទុកទង្វើរបស់លោក មាស ពិសិដ្ឋ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។
 
«នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន»។ ស្នងការខេត្តកំពត បានសង្កត់ធ្ងន់បែបនេះ។
 
កម្លាំងនគរបាលជាតិណា ដែលប្រើប្រាស់គ្រឿងញៀន នឹងប្រឈមមុខដកចេញពីក្របខណ្ឌនគរបាល នៃក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មខាងកើត សង្កាត់ឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ធ្នូ។
 
«ខ្ញុំសូមប្រកាសតែម្ដង គ្រប់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ ក្របខណ្ឌមហាផ្ទៃ ឱ្យតែធ្វើតេស្តទៅ រកឃើញសារធាតុញៀន មិនអាចអនុញ្ញាតឱ្យនៅក្របខណ្ឌនគរបាលទៀតទេ»។ នេះជាការបញ្ជាក់របស់លោក ស សុខា ដែលបានបន្ថែមថា ការអនុវត្តវិធានការបែបនេះ ដើម្បីបង្ហាញសារទៅកាន់យុវជនជំនាន់ក្រោយឱ្យឃើញពីគំរូរបស់មន្ត្រីរាជការជាមុនសិន សឹមទៅអនុវត្តច្បាប់លើអ្នកប្រើប្រាស់និងអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនោះ។
 
«បើយើងអត់យកពេលវេលានេះ បោសសម្អាតផ្ទះខ្លួនយើងសិន ដូចសម្ដេច ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង គឺយើងអត់មានពេលបោសសម្អាតទៀតទេ»។ នេះបើតាមលោក ស សុខា ដែលបានណែនាំឱ្យមន្ត្រីណា ដែលប្រើប្រាស់ និងពាក់ព័ន្ធករណីគ្រឿងញៀននោះ ត្រូវផ្ដាច់ខ្លួនចេញឱ្យឆ្ងាយ ដើម្បីចៀសវាងការបាត់បង់ក្របខណ្ឌ នៅពេលក្រសួងអនុវត្តវិធានការ នាពេលខាងមុខ។
 
រដ្ឋមន្រ្តីមហាផ្ទៃ និយាយព្រមានមន្ត្រីនគរបាលប៉ុណ្ណោះ លើករណីគ្រឿងញៀននេះ ខណៈគោលការណ៍ជារួម សម្រាប់អនុវត្តលើមន្ត្រីរាជការស៊ីវិល មិនទាន់មានការសម្រេចជាផ្លូវការពីរដ្ឋាភិបាលនៅឡើយ៕

Tag:
 ស សុខា
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com