ជាតិ
សង្គមជាតិ
«ក្រមាការទូត»ទទួលភ្ញៀវទេសចរលើនាវា Westerdam
28, Dec 2023 , 9:39 am        
រូបភាព
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បំពាក់ក្រមាឱ្យភ្ញៀវទេសចរ ចុះពីនាវា Westerdam ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ធ្នូ ២០២៣។ ភ្ញៀវទេសចរ លើនាវា Westerdam ២២០០នាក់ មកកម្ពុជា។ រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បំពាក់ក្រមាឱ្យភ្ញៀវទេសចរ ចុះពីនាវា Westerdam ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ធ្នូ ២០២៣។ ភ្ញៀវទេសចរ លើនាវា Westerdam ២២០០នាក់ មកកម្ពុជា។ រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ដូចការគ្រោងទុក! នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ធ្នូ។ ភ្ញៀវទេសចរ លើនាវាដ៏ធំមួយនេះ មាន២ ២០០នាក់។


 
ក្នុងពិធីទទួលភ្ញៀវទេសចរលើនាវាអាម៉េរិកនេះ មានវត្តមានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានយក«ក្រមា» ធ្វើកិច្ចការងារការទូត សម្រាប់ផ្ដល់ជាអំណោយអនុស្សាវរីយ៍ ក្នុងការទទួលភ្ញៀវទេសចរនេះ។ 
 
ដ្បិតមិនមានការបកស្រាយច្រើន តែគេសង្កេតឃើញថា រយៈពេលចុងក្រោយនេះ «ក្រមា» ត្រូវបានក្លាយជាអំណោយសំខាន់ ក្នុងការទទួលភ្ញៀវគ្រប់ជាន់ថ្នាក់ ដែលជាផ្នែកមួយបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណខ្មែរ។
 
ជាក់ស្ដែងដូចការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែឧសភា និងមិថុនា នៅកម្ពុជា កន្លងមក ក៏គេឃើញថ្នាក់ដឹកនាំ និងគ្រូបង្វឹក រួមទាំងអត្តពលិក បានយកក្រមាខ្មែរ ចែកជូនគណប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលមកចូលរួមប្រកួតផងដែរ។
 
ជាមួយគ្នានេះ កម្ពុជា ក៏គ្រោងស្នើទៅអង្គការយូណេស្កូ សុំដាក់ “ក្រមា” ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្រាវជ្រាវឯកសារសំខាន់ៗ ដើម្បីជាតឹកតាងសម្រាប់ដាក់បញ្ចូលក្នុងយូណេស្កូ។
 
ក្រមា មានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា តាំងពីសម័យបុរាណកាលមក។ ក្រមា ត្រូវបានគេយកទៅប្រើប្រាស់ដូចជា ស្លៀកដណ្ដប់លើដងខ្លួន វេចខ្ចប់ កា្រល ទទូរ និងសម្រាប់លក់ដូរ ដោះស្រាយជីវភាពជាដើម។
 
 
បើនិយាយក្នុងន័យប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌វិញ ក្រមាជាផ្ទាំងសំពត់យ៉ាងវិសេស ប្រើជាហូរហែ ក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ សម្រាប់ច្នៃលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង និងលាក់កន្សែងជាដើម។ សម្រាប់សម័យទំនើបវិញ ក្រមា បានក្លាយជាវត្ថុអនុស្សាវរីយ៍មួយដ៏ល្អ និងសមរម្យ សម្រាប់ប្រគល់ជូនគ្នាទៅវិញទៅមក ឬយកទៅតាំងលម្អ និងអាចច្នៃទៅជាសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេងៗបាន។ ក្រមា គឺជាអត្តសញ្ញាណជាតិ ដែលមិនអាចបំភ្លេច។
 
ដូច្នេះការយក «ក្រមាខ្មែរ» ជាអំណោយនេះ វាជាការទូតដ៏ល្អមួយ ដើម្បីពង្រឹងចំណងមិត្តភាព និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិ ឱ្យបរទេសបានស្គាល់ និងបានដឹង៕
 

Tag:
 Westerdam
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com