ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ប្រារព្ធខួប២៥ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ
29, Dec 2023 , 8:00 am        
រូបភាព
ស្ដូបវិមានឈ្នះ-ឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ស្ដូបនេះ បានសាងសង់ឡើងចប់ជាស្ថាពរ កាលពីឆ្នាំ២០១៨ ដែលចំណាយទឹកប្រាក់ជាង១២លានដុល្លារ។
ស្ដូបវិមានឈ្នះ-ឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ស្ដូបនេះ បានសាងសង់ឡើងចប់ជាស្ថាពរ កាលពីឆ្នាំ២០១៨ ដែលចំណាយទឹកប្រាក់ជាង១២លានដុល្លារ។
រដ្ឋាភិបាល ប្រារព្ធខួប២៥ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ធ្នូ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ នយោបាយឈ្នះ-ឈ្នះនេះ ត្រូវបានរដ្ឋាភិបាល ចាត់ទុកជាមាគ៌ាដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវ ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។

 
នយោបាយឈ្នះ-ឈ្នះ នេះ ត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន បានឱ្យតម្លៃខ្ពស់លើគោលនយោបាយឈ្នះ-ឈ្នះ​ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ ។
  


នៅត្រង់ចំណុចនេះ ប្រាកដណាស់ជាមតិផ្ទុយគ្នាលើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ កើតឡើងក្រោយថ្ងៃទី៧ មករា ១៩៧៩ ដែលចាត់ទុកជាថ្ងៃកំណើតទី២ និងថ្ងៃទី២៣ តុលា ១៩៩១ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មតិផ្ទុយ ហាក់មិនសូវឱ្យតម្លៃលើនយោបាយឈ្នះ-ឈ្នះ របស់រដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ឡើយ។
 
ផ្ទុយការយល់ឃើញទាំងនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានពន្យល់ច្រើនដងហើយថា ក្រោយរំដោះប្រទេសជាតិ ថ្ងៃទី៧ មករា ១៩៧៩ មិនបានធ្វើឱ្យប្រទេសជាតិបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងឡើយ ខណៈកម្លាំងទ័ពខ្មែរក្រហមនៅតាមព្រំដែន និងកម្លាំងគ្រប់ភាគីនៅបន្តប្រឈមមុខដាក់គ្នា។
 
ដ្បិតលេចចេញកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ ហើយក្តី ក៏មិនអាចអូសទាញអ្នកនយោបាយខ្មែរ និងអ្នកជាតិនិយម មកធ្វើការជាមួយគ្នាបាន ខណៈស្ថានភាពផ្ទុះសង្គ្រាមស៊ីវិលឡើងវិញ ងាយនឹងកើតឡើងជាថ្មី។ ចំណែកអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់អុនតាក់ (UNTAC) ដែលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣ និងចំណាយថវិកា ២០០០លានដុល្លារនោះ ក៏មិនអាចធានាពីនិរន្តរភាពសន្តិសុខ នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានស្ថានភាពផ្ទុះអាវុធ ថ្ងៃទី៥-៦កក្កដា ១៩៩៧ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចោទគ្នាទៅវិញទៅមក ថាជាការធ្វើរដ្ឋប្រហារគ្នាផង។ 
 
ចំណុចទាំងនេះហើយ ទើបមេដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូប ឱ្យតម្លៃលើគោលនយោបាយឈ្នះ-ឈ្នះ។ តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងថ្នាក់ដឹកនាំ មន្ត្រីបក្ស ដែលដឹកនាំរដ្ឋាភិបាល ចាត់ទុកជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម, ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងដំណាក់កាលសង្គ្រាមផង-ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយនេះ។
 
 
ជាមួយគ្នា រដ្ឋាភិបាលក៏បានសម្រេចដាក់បញ្ចូលទិវានយោបាយឈ្នះ-ឈ្នះ នៅក្នុងប្រតិទិន គឺសម្រាប់អបអរជ័យជម្នះ ដែលកម្ពុជាបានបិទបញ្ចប់សង្គ្រាមទាំងស្រុង។ ការបញ្ចូលនយោបាយឈ្នះ-ឈ្នះ ក្នុងប្រតិទិននេះ អនុវត្តចាប់តាំងពីឆ្នាំ២០២២មក ប៉ុន្តែមន្ត្រីរាជការ បុគ្គលិក និងកម្មករ មិនត្រូវបានអនុញ្ញាតឈប់សម្រាកនោះទេ៕

Tag:
 (នយោបាយឈ្នះ-ឈ្នះ
  ហ៊ុន ម៉ាណែត)
© រក្សាសិទ្ធិដោយ thmeythmey.com