អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ សន្យាធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង នៅក្នុងឆ្នាំ២០២៤
29, Dec 2023 , 8:40 am        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
ក្នុងឱកាសឆ្នាំថ្មី នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន និងគណៈរដ្ឋមន្រ្តី បានជូនពរប្រជាជនឱ្យមានសុភមង្គល និងសន្យាកែលម្អសេដ្ឋកិច្ចប្រទេស កាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៤។ លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែធ្នូ។


 
ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ថៃ នឹងឈប់សម្រាក ដើម្បីអបអរឆ្នាំថ្មី។ ក្នុងឱកាសនេះ លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ បានជូនពរទៅកាន់ប្រជាជនខ្លួនទទួលបានសុភមង្គល និងស្នាមញញឹម នៅក្នុងឆ្នាំ២០២៤ ហើយទទួលជោគជ័យគ្រប់ភារកិច្ច។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានជំរុញប្រជាជនកុំបើកបរ នៅពេលផឹកស្រវឹងផងដែរ។ 
 
តាមការបញ្ជាក់របស់លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី បានសន្យាកែលម្អសេដ្ឋកិច្ចរបស់ប្រទេសឱ្យប្រសើរឡើងផងដែរ តាមរយៈការផ្តល់កញ្ចប់ថវិកា វិនិយោគ ការផ្សព្វផ្សាយ និងការកែលម្អសក្ដានុពលរបស់ប្រទេស។ 
 
«យើងជឿជាក់ថា នៅក្នុងឆ្នាំ២០២៤ តួលេខសេដ្ឋកិច្ចរបស់ប្រទេស នឹងល្អប្រសើរឡើង។ ហើយយើងជឿថា ការកែលម្អ នឹងនាំភាពល្អប្រសើរទៅកាន់ប្រជាជនថៃ»។ អ្នកនាំពាក្យរដ្ឋាភិបាលបានសង្កត់ធ្ងន់បែបនេះ។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាល បានអរគុណដោយមន្រ្តីសាធារណៈទាំងអស់ ដែលបានបម្រើប្រជាជន។ ទន្ទឹមនេះ លោកសេដ្ឋា បានបញ្ជាឱ្យមន្រ្តីនៅថ្នាក់ក្រោម ចាត់វិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ 
 
កន្លងមក ក្រសួងសុខាភិបាលថៃ បានដាក់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងវិថីឱ្យបាន ៥ភាគរយ ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី បើធៀបនឹងតួលេខឆ្នាំមុន តាមរយៈវិធានការមួយចំនួនដូចជា ការត្រួតពិនិត្យលើដងផ្លូវ ដែលមានការជួយពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តសុខាភិបាលសាធារណៈ មន្រ្តីរដ្ឋបាលថ្នាក់តំបន់ និងប៉ូលិសរកមើលបរិមាណអាល់​កុលរបស់អ្នកបើកបរជាដើម៕ 

Tag:
 (ថៃ
  សេដ្ឋកិច្ច)
© រក្សាសិទ្ធិដោយ thmeythmey.com