ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃទី«២៩ ធ្នូ» ត្រូវបានកំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា»
01, Jan 2024 , 10:39 am        
រូបភាព
រដ្ឋាភិបាល បានកំណត់យកថ្ងៃទី«២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ មករា ២០២៤។



ក្នុងអនុក្រឹត្យបានលើកយកហេតុផលថា ការកំណត់យកថ្ងៃទី២៩ ធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» នេះដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
 
«ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមអនុក្រឹត្យដដែល។
 
អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ទិវាសន្តិភាពនៅកម្ពុជា» នេះ ក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាក ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ក្នុងអនុក្រឹត្យ ដូច្នេះ៖«ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព»។
 
ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ចំណែកគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។ នេះបើតាមអនុក្រឹត្យដដែល។
អត្ថបទទាក់ទង

 
កន្លងមករដ្ឋាភិបាល ក៏បានសម្រេចដាក់បញ្ចូលទិវានយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ធ្នូ នៅក្នុងប្រតិទិន សម្រាប់អបអរជ័យជម្នះ ដែលកម្ពុជាបានបិទបញ្ចប់សង្គ្រាមទាំងស្រុងផងដែរ។ ការបញ្ចូលនយោបាយឈ្នះ-ឈ្នះ ក្នុងប្រតិទិននេះ អនុវត្តចាប់តាំងពីឆ្នាំ២០២២មក ប៉ុន្តែមន្ត្រីរាជការ បុគ្គលិក និងកម្មករ មិនត្រូវបានអនុញ្ញាតឈប់សម្រាកនោះទេ៕

Tag:
 នយោបាយ
  ទិវាសន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com