ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកនាំពាក្យ៖ គ្រោះថ្នាក់ចរាចរណ៍នាយប់ឆ្លងឆ្នាំ បណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់ ហើយជនបង្ក១នាក់ ចូលសារភាព
01, Jan 2024 , 4:39 pm        
រូបភាព
មនុស្ស៦នាក់បានស្លាប់ និង៥នាក់ទៀត របួសធ្ងន់ និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៩ករណី នាយប់ថ្ងៃទី៣១ ធ្នូ នាឱកាសបុណ្យចូលឆ្នាំសកល ។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



សម្រាប់គ្រោះថ្នាក់ចរាចរណ៍ទាំង៩ករណីនេះ លោក សំ វិច្ឆិកា បានបញ្ជាក់ថា ជនបង្ក១នាក់បានជិះរថយន្តពីកន្លែងកើតហេតុ ហើយបានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចវិញ។ ដោយឡែកជនផ្សេងទៀត បានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរក។
 
«ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុក ម៉ូតូ០១គ្រឿងបណ្តាលឱ្យ ស្លាប់១នាក់ និងរបួសធ្ងន់១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត (ជនបង្ក)បានរត់គេចខ្លួនពីកន្លែងកើតហេតុ សូមចូលខ្លួនមកសារភាពដូចករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោកដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី»។ នេះបើតាមអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។
 
ស្នងការនគរបាលជាតិ បានបន្ថែមថា រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ត្រូវបានលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ នៅកន្លែងកើតហេតុ រួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួន ដោយមិនឱ្យជនបង្កគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ «ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ»។ នេះបើតាមស្នងការនគរបាលជាតិ ៕
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  ចូលឆ្នាំសកល
© រក្សាសិទ្ធិដោយ thmeythmey.com