ជាតិ
ក្រុមអ្នករត់តាក់ស៊ី ដឹកភ្ញៀវទេសចរខេត្តសៀមរាប តវ៉ាចំពោះក្រុមហ៊ុនចិន ដែលយកថ្លៃផ្លូវ
03, Jan 2024 , 11:39 am        
រូបភាព
សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។



ក្រុមអ្នករត់តាក់ស៊ី ស្នើឱ្យក្រុមហ៊ុនលុបចោល លើការយកសេវានេះ ដែលជាបន្ទុកបន្ថែម សម្រាប់អ្នករកស៊ីដឹកភ្ញៀវ ព្រោះថា ក្រុមហ៊ុនបានយកថ្លៃចំណតឡាន នៅក្នុងព្រលានរួចទៅហើយ។ 
គេនៅមិនទាន់ដឹងលទ្ធផលបែបណានៅឡើយ ខណៈដែលក្រុមអ្នកបើកបរទាំងនោះប្រមាណ៥០នាក់ កំពុងចូលជួបមន្រ្តីនៅក្នុងរដ្ឋបាលខេត្តដើម្បីជជែកគ្នា។
 

កន្លងមក អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុនចិន ដែលវិនិយោគសាងសង់ ព្រលានយន្តហោះថ្មី នៅស្រុកសូទ្រនិគម ដ្បិតថាផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់​របស់ក្រុមហ៊ុនចិនមួយនេះ។
 
យ៉ាងណាមិញ លោក លី វណ្ណៈ បានបញ្ជាក់ថា គោលការណ៍យកសេវានេះ គឺតម្រូវសម្រាប់តែរថយន្តចេញចូលក្នុងព្រលានប៉ុណ្ណោះ សម្រាប់រថយន្តបើកបរកាត់ធម្មតា មិនតម្រូវឱ្យបង់សេវាឡើយ។ លោកស្នើឱ្យពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍​កុំមានការភាន់ច្រឡំ​ត្រង់ចំណុចនេះ និងទុកពេលឱ្យរដ្ឋបាលខេត្តចរចាជាមួយក្រុមហ៊ុនព្រលានសិន។
 

បើតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្ត បើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលា​ដែលចូលចត​​ក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។ 
 
គួរបញ្ជាក់ថា ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕









© រក្សាសិទ្ធិដោយ thmeythmey.com