អន្តរជាតិ
Japan Times៖ ពលករខ្មែរជួយមនុស្សចាស់ជប៉ុន និងលាងចាននៅកន្លែងជម្រកក្នុងក្រុង Nanao
06, Jan 2024 , 4:59 pm        
រូបភាព
ពលករខ្មែរនៅកន្លែងជ្រកបណ្តោះអាសន្ន ក្នុងក្រុងNanao ខេត្ត Ishikawa ជប៉ុន។ រូបភាព Japan Times
ពលករខ្មែរនៅកន្លែងជ្រកបណ្តោះអាសន្ន ក្នុងក្រុងNanao ខេត្ត Ishikawa ជប៉ុន។ រូបភាព Japan Times
ពលករកម្ពុជាមួយក្រុម ដែលមានសមាជិកចំនួន ៩នាក់ បានភៀសខ្លួនទៅរស់នៅកន្លែងជម្រកបណ្តោះអាសន្ន នៅក្នុងក្រុង Nanao ខេត្ត Ishikawa បន្ទាប់ពីគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times នៅថ្ងៃទី៦ ខែមករា។ ក្នុងពេលស្នាក់នៅនេះ ពលករខ្មែរបានជួយដល់មនុស្សចាស់ សម្អាតកន្លែងជម្រក និងលាងចានជាដើម។

ពីមាតុភូមិ ដែលមិនស្គាល់សោះពីបទពិសោធន៍រញ្ជួយដី ពលករកម្ពុជាចំនួន ៩រូប ដែលមានទាំងប្រុសទាំងស្រី បានព្យាយាមជម្នះឧបសគ្គ និងបញ្ហាប្រឈម ក្នុងពេលស្នាក់នៅកន្លែងជ្រកកោនបណ្តោះអាសន្ន ក្នុងក្រុង Nanao ខេត្ត Ishikawa បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times ពលករកម្ពុជាទាំង ៩នាក់នោះ បានមកដល់ជប៉ុននៅចន្លោះឆ្នាំ២០២២ និង២០២៣ និងបានបំពេញការងារនៅរោងចក្រផលិតផលគ្រឿងសមុទ្រមួយកន្លែង ក្នុងនាមជាអ្នកហាត់ការផ្នែកបច្ចេកទេស។ 
 
នៅក្នុងកិច្ចសម្ភាសន៍ ពលករកម្ពុជា បានបង្ហាញពីបំណងចង់ត្រលប់មកស្រុកកំណើតវិញ ស្របពេលរោងចក្រត្រូវបានបំផ្លាញដោយសារគ្រោះរញ្ជួយដី។ ប៉ុន្តែពួកគេ មិនដឹងធ្វើបែបណាឡើយ ដោយសារការចំណាយថ្លៃហោះហើរ គឺខ្ពស់ពេក។ 
 
ក្នុងពេលនៅកន្លែងជម្រកបណ្តោះអាសន្ន ពលករកម្ពុជាទាំង៩រូប បានជួយដល់មនុស្សចាស់ សម្អាតកន្លែងជម្រក និងលាងចានជាដើម។ ពលករខ្លះ បានជួយរៀបចំអាហារ ជាមួយនឹងរសជាតិម្ហូបបែបអាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ អ្នកទាំង ៩រូប ក៏បានទាក់ទងទៅកាន់គ្រួសាររបស់ខ្លួនដែរ តាមរយៈបណ្តាញសង្គម ដើម្បីបញ្ជាក់ពីសុវត្ថិភាព ក្រោយមានគ្រោះរញ្ជួយដី។ 
 
បើទោះជាមិនដឹងពីរយៈពេលនៅកន្លែងជ្រកកោនមានប៉ុន្មានថ្ងៃ ប៉ុន្តែកញ្ញា Born Thavy ដែលមានវ័យ ២៦ឆ្នាំ បានអះអាងថា ខ្លួនមានអារម្មណ៍កក់ក្តៅ ដោយសារប្រជាជនជប៉ុនធ្វើល្អចំពោះពួកគាត់ ហើយនឹងប្តេជ្ញាជម្នះឧបសគ្គជាមួយប្រជាជនជប៉ុន។ 
 
ក្នុងអំឡុងពេលស្នាក់នៅកន្លែងជ្រកបណ្តោះអាសន្ននេះ អ្នកទាំង៩រូប គឺសូវចេះភាសាជប៉ុនឡើយ ដោយបានត្រឹមប្រើតែកាយវិការប៉ុណ្ណោះ។
 
តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២ ខែមករា ពលរដ្ឋខ្មែរ១៦០០នាក់ កំពុងរស់នៅក្នុងខេត្តចំនួន៦ នៃតំបន់រងគ្រោះរញ្ជួយដីនេះ។ ប៉ុន្តែពុំទាន់មានរបាយការណ៍ណាមួយ ដែលបង្ហាញថា ពលរដ្ឋខ្មែរណាម្នាក់ រងគ្រោះ និងបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយឡើយ។
 
បន្ថែមពីនេះ និស្សិតខ្មែរនៅក្នុងខេត្តIshikawa ចំនួន៣រូប និងនៅក្នុងខេត្ត Niigata ចំនួន៥រូប ក៏ត្រូវបានជម្លៀសទៅទីតាំងមានសុវត្ថិភាពរួចហើយដែរ៕ 
 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com