អន្តរជាតិ
Thai PBS៖ សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅថៃ នៅថ្ងៃទី៧ ខែកុម្ភៈ
07, Jan 2024 , 6:39 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ឆ្វេង) ជាមួយសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីននៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព SEM Vanna
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ឆ្វេង) ជាមួយសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីននៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព SEM Vanna
សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅថៃរយៈពេល ១ថ្ងៃ ដើម្បីជួបជាមួយសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមប្រភពការទូតប្រាប់សារព័ត៌មាន Thai PBS នៅថ្ងៃទី៧ ខែមករា។


 
ប្រសិនគ្មានការប្រែប្រួលទេ សម្តេច ហ៊ុន ម៉ាណែត នឹងទៅដល់ថៃ នៅថ្ងៃទី៧ ខែកុម្ភៈ និងជួបជាមួយសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីន ដើម្បីជជែកពីការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសជិតខាងទាំងពីរ។ បន្ថែមពីនេះ ពាណិជ្ជកម្មឆ្លងព្រំដែន, សកម្មភាពរួមគ្នាប្រឆាំងនឹងការឆបោក និងគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នា នឹងជារបៀបវារៈដ៏សំខាន់។ 
 
ក្រៅពីជួបជាមួយលោកសេដ្ឋា សម្តេច គ្រោងជួបជាមួយសមាជិកគណៈរដ្ឋមន្រ្តីថៃផ្សេងទៀតផងដែរ ហើយថែមទាំងមានជំនួបជាមួយអ្នកវិនិយោគថៃ ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
នៅពាក់កណ្តាលខែធ្នូកន្លងមក លោកសេដ្ឋា បានលើកឡើងថា ប្រធានបទធនធានធម្មជាតិ ក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវពិភាក្សា ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត។ 
 
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ នៅក្នុងឆ្នាំ២០២៣ មានទំហំ៩,៨ពាន់លានដុល្លារ ខណៈទំហំវិនិយោគថៃមានចំនួន ១០,១ពាន់លានដុល្លារ នៅកម្ពុជា។ ចំណែកពលករកម្ពុជាធ្វើការនៅថៃ មានចំនួនជិត ៥២ម៉ឺននាក់ នៅក្នុងពេលបច្ចុប្បន្ន ក្រោមកិច្ចព្រមព្រៀងការងាររវាងប្រទេសទាំងពីរ៕ 
 

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com