អន្តរជាតិ
លោក ស៊ី ប្តេជ្ញាបង្រ្កាបអំពើពុករលួយក្នុងប្រទេសចិន
09, Jan 2024 , 4:28 pm        
រូបភាព
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យរបស់បក្សកុម្មុយនីស្តចិន នៅក្នុងថ្ងៃទី៨ ខែមករា។ រូបភាព Xinhua
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យរបស់បក្សកុម្មុយនីស្តចិន នៅក្នុងថ្ងៃទី៨ ខែមករា។ រូបភាព Xinhua
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៊ី ជិនភីង នៅថ្ងៃទី៨ ខែមករា បានប្តេជ្ញាបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេស នៅក្នុងវិស័យសំខាន់ៗដូចជាហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន Xinhua។ យ៉ាងណាមិញ អ្នកតាមដានសង្គម បានយល់ឃើញថា យុទ្ធនាការមួយនេះ មានបំណងបង្រ្កាបលើអ្នកប្រឆាំងផ្នែកនយោបាយរបស់ខ្លួន។



ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមត្រួតពិនិត្យរបស់បក្សកុម្មុយនីស្តចិន លោកអគ្គលេខាធិការបក្ស ស៊ី ជិនភីង បានបញ្ជាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងវិស័យហិរញ្ញវត្ថុ, សហគ្រាសរដ្ឋ, ថាមពល, វេជ្ជសាស្រ្ត និងវិស័យដឹកជញ្ជូន។
 
«ជ័យជម្នះដ៏ធំសម្បើម ត្រូវបានសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយការបង្កើនសមត្ថភាពពេញលេញក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ»។ លោកស៊ី ដែលកាន់តំណែងជាប្រធានាធិបតីផងនោះ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៨ ខែមករា ដោយបន្តថា ប៉ុន្តែស្ថានភាពនៅក្នុងពេលបច្ចុប្បន្ន នៅតែបន្តគ្រោះថ្នាក់ និងស្មុគស្មាញ។ 
 
ចាប់តាំងពីឆ្នាំ២០១២មក មន្រ្តីបក្សកុម្មុយនីស្តចិន ៤,៨លាននាក់ ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមទិន្នន័យផ្លូវការរបស់ចិនគិតត្រឹមខែមិថុនាឆ្នាំ២០២២។ 
 
ក្នុងចំណោមមន្រ្តីទាំងនោះ មនុស្សច្រើនជាង ១,៥លាននាក់ ត្រូវបា​នកាត់ទោសតាមរយៈការដាក់ពន្ធនាគារ, ការបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋាភិបាល, ការបញ្ចុះតំណែង និងការបណ្តេញចេញពីសមាជិកបក្សកុម្មុយនីស្តចិនខាងដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើទោះអ្នកគាំទ្រលោកស៊ីអះអាងថា ជាការបោសសម្អាតអំពើពុករលួយនៅក្នុងសង្គមក៏ដោយ ប៉ុន្តែអ្នកតាមដានសង្គមចិន បានចាត់ទុកគោលនយោបាយរបស់លោកស៊ី ជាការបង្រ្កាបលើអ្នកប្រឆាំងនយោបាយរបស់លោក។ 
 
ក្នុងរយៈពេលចុងក្រោយនេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ចិន បានផ្តោតលើវិស័យធនាគារ ក្រុមហ៊ុនរដ្ឋ កីឡា និងធានារ៉ាប់រងជាដើម។ នៅក្នុងថ្ងៃទី៨ ខែមករា កាសែតរដ្ឋ បានចុះផ្សាយថា អតីតមន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនរដ្ឋ ពាក់ព័ន្ធនឹងប្រេង និងហ្គាស ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណូក៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com