អន្តរជាតិ
ថៃរង់ចាំទស្សនកិច្ចសម្តេចហ៊ុន ម៉ាណែត ដើម្បីជជែកពីប្រភពថាមពលនៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រ
10, Jan 2024 , 3:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព SEM Vanna
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន (ឆ្វេង) ជាមួយសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព SEM Vanna
ថៃ និងកម្ពុជា នឹងជជែកពីប្រធានបទតំបន់ត្រួតស៊ីគ្នាដែលសម្បូរថាមពលក្នុងឈូងសមុទ្រថៃ អំឡុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅថៃ ក្នុងថ្ងៃទី៧ ខែកុម្ភៈ។ តាមការបញ្ជាក់របស់ទីប្រឹក្សានាយករដ្ឋមន្រ្តីថៃ លោក Pichai Naripthaphan កិច្ចចរចាលើតំបន់ត្រួតស៊ីគ្នានេះ អាចបញ្ចប់ក្នុងចន្លោះពេលពី ២ឆ្នាំ ទៅ៧ឆ្នាំ។



តាមសេចក្តីប្រកាសក្រសួងការបរទេសថៃ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងបំពេញទស្សនកិច្ចនៅថៃ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ដោយប្រធានបទប្រភពថាមពលនៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ នឹងក្លាយជាប្រធានបទសំខាន់។ មកទល់ពេលនេះ ភាគីថៃកំពុងរង់ចាំទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីជជែកពីប្រធានបទប្រភពថាមពលឱ្យបានច្បាស់លាស់។ 
 
«យើងត្រូវតែរង់ចាំសម្រាប់ការបញ្ជាក់ឱ្យបានច្បាស់លាស់ បន្ទាប់ពីជំនួបលោកសេដ្ឋា និងនាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈជាមុនសិន បន្ទាប់មកក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធ នឹងមានកិច្ចចរចាបន្ទាប់ពីនោះ»។ លោក Parnpree Bahiddha-Nukara រដ្ឋមន្រ្តីការបរទេសថៃ បានបញ្ជាក់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១០ ខែមករា។ 
 
ស្របគ្នានេះ ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីថាមពលថៃ លោក Pichai Naripthaphan បានអះអាងថា កន្លងមក ភាគីកម្ពុជា និងថៃ បានរៀបចំកិច្ចពិភាក្សាជាច្រើនលើកមកហើយ ជុំវិញតំបន់ត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ នៅក្នុងឈូងសមុទ្រថៃនោះ ដោយផ្អែកលើការណែនាំសម្រាប់កិច្ចចរចានៅដំណាក់កាលបន្ទាប់ទៀត។ 
 
ត្រង់ចំណុចនេះ ទីប្រឹក្សានាយករដ្ឋមន្រ្តីថៃ បានបន្ថែមថា កិច្ចពិភាក្សានឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ធនធានធម្មជាតិ នៅតំបន់ត្រួតស៊ីគ្នាជាជាងលើកឡើងពីជម្លោះលើដែនទឹក។ បើតាមលោក Pichai កិច្ចចរចា គួរតែបញ្ចប់ឱ្យបានឆាប់រហ័ស ក្នុងរយៈពេលចន្លោះពី២ឆ្នាំ ទៅ៧ឆ្នាំ ដើម្បីអាចទាញយកធនធានធម្មជាតិនៅក្នុងតំបន់នោះ។ 
 
ទន្ទឹមនេះ ទីប្រឹក្សានាយករដ្ឋមន្រ្តីថៃ បានបន្ថែមថា កិច្ចចរចាគួរតែបញ្ចប់ មុនពេលអាណត្តិរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបានបញ្ចប់ ស្របពេលភាគីកម្ពុជា ចង់បញ្ចប់កិច្ចចរចា ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក។ 
 
កន្លងមក ភាគីកម្ពុជា និងថៃ ក៏ធ្លាប់ជជែកពីបញ្ហានេះដែរ ប៉ុន្តែកិច្ចពិភាក្សាទាំងនោះ មិនទទួលបានផ្លែផ្កាអ្វីឡើយ ដោយសារតែផ្តោតលើជម្លោះនៅព្រំដែនសមុទ្រ៕ 

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com