ជាតិ
នាយរងការិយាល័យគ្រប់គ្រងទិន្នន័យម្នាក់ទៀត ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ
11, Jan 2024 , 10:53 am        
រូបភាព
លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញលោកវរសេនីយ៍ត្រី ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញពីក្របខណ្ឌមន្រ្តីនគរបាល។



បើតាមសេចក្តីសម្រេចរបស់លោក ស សុខា ការដកមុខតំណែង ឋានន្តរសក្តិ និងបណ្ដេញមន្ត្រីរូបនេះ ចេញពីក្របខណ្ឌនោះ ដោយសាររូបគេ បានអនុវត្តល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នៅក្នុងសេចក្តីសម្រេចដដែល លោក ស សុខា បានសង្កត់ធ្ងន់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីរូបនេះ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០២៤នេះទៅ។
 
គិតត្រឹមថ្ងៃទី៨ មករា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ  គឺមានមន្ត្រីនគរបាល ជាង៥០នាក់ហើយ ដែលបានរងពិន័យ ដកតួនាទី និងតំណែង។ ក្នុងចំណោម៥០នាក់នោះ មានមន្ត្រីនគរបាលប្រមាណ៤០ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
 
មន្ត្រីកងកម្លាំងនគរបាលជាតិណា ដែលប្រើប្រាស់គ្រឿងញៀន នឹងប្រឈមមុខដកចេញពីក្របខណ្ឌនគរបាល នៃក្រសួងមហាផ្ទៃ។ មន្ត្រីកងកម្លាំង បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បើករត់គេច ក៏ប្រឈមមុខបាត់បង់តំណែង និងតួនាទីដែរ ក្រៅពីប្រព្រឹត្តិល្មើសវិន័យកងកម្លាំង។ នេះជាសារព្រមានរបស់លោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ កន្លងមក។
 
«បើយើងអត់យកពេលវេលានេះ បោសសម្អាតផ្ទះខ្លួនយើងសិន ដូចសម្ដេច ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង គឺយើងអត់មានពេលបោសសម្អាតទៀតទេ»។ នេះបើតាមលោក ស សុខា ដែលបានណែនាំឱ្យមន្ត្រីនគរបាល អនុវត្ត និងបំពេញការងារឱ្យបានត្រឹមត្រូវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com