ជាតិ
សង្គមជាតិ
មន្ត្រីនគរបាលជាតិ ៥០នាក់ហើយ ត្រូវបានដកតំណែង និងបណ្ដេញចេញ
08, Jan 2024 , 8:39 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ហម សុវណ្ណរិទ្ធ​ ស្នងការរងខេត្តព្រះសីហនុ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដកតំណែងចេញ ដោយសារល្មើសវិន័យកងកម្លាំង ហើយបន្ថយពីវរសេនីយ៍ទោ ទៅជាវរសេនីយ៍ត្រីវិញ។​ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

 
លោក ហម សុវណ្ណរិទ្ធ ត្រូវបានដកតំណែង ហើយផ្ទេរទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។ ជុំវិញករណីនេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងបន្ថែមថា ការដកតំណែងស្នងការរងខេត្តព្រះសីហនុ គឺដោយសារបុគ្គលនេះ ធ្វើការមិនត្រូវនឹងជំនាញរបស់ខ្លួន។ 
 
«គាត់ធ្វើការមិនត្រូវជំនាញ ខុសពីតួនាទី ភារកិច្ច មិនឆ្លងយោបល់តាមឋានានុក្រម ហើយមិនរាយការណ៍តាមឋានានុក្រម! និយាយជារួម គឺកិច្ចការងារដែលពាក់ព័ន្ធនឹងព័ត៌មានសន្តិសុខរបស់ជាតិថែមទៀត»។ លោក ទូច សុខៈ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម បែបនេះ។ 
 
គិតត្រឹមថ្ងៃទី៨ មករានេះ ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ  គឺមានមន្ត្រីនគរបាល ជាង៥០នាក់ហើយ ដែលបានរងពិន័យ ដកតួនាទី និងតំណែង។ ក្នុងចំណោម៥០នាក់នោះ មានមន្ត្រីនគរបាលប្រមាណ៤០ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ នេះបើតាមលោក ទូច សុខៈ។
 
មន្ត្រីកងកម្លាំងនគរបាលជាតិណា ដែលប្រើប្រាស់គ្រឿងញៀន នឹងប្រឈមមុខដកចេញពីក្របខណ្ឌនគរបាល នៃក្រសួងមហាផ្ទៃ។ មន្ត្រីកងកម្លាំង បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បើករត់គេច ក៏ប្រឈមមុខបាត់បង់តំណែង និងតួនាទីដែរ ក្រៅពីប្រព្រឹត្តិល្មើសវិន័យកងកម្លាំង។ នេះជាសារព្រមានរបស់លោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ កន្លងមក។
 
«បើយើងអត់យកពេលវេលានេះ បោសសម្អាតផ្ទះខ្លួនយើងសិន ដូចសម្ដេច ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង គឺយើងអត់មានពេលបោសសម្អាតទៀតទេ»។ នេះបើតាមលោក ស សុខា ដែលបានណែនាំឱ្យមន្ត្រីនគរបាល អនុវត្ត និងបំពេញការងារឱ្យបានត្រឹមត្រូវ។
 

Tag:
 មន្ត្រីនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com