ជាតិ
អគ្គនាយក​CMAC ស្នើឱ្យបង្កើតច្បាប់ហាមបរិភោគសាច់សុនខ និងដាក់ទោសជនល្មើស
11, Jan 2024 , 2:39 pm        
រូបភាព
អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) លោក​ ហេង រតនា​ ស្នើឱ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ បង្កើតច្បាប់ហាមបរិភោគសាច់សុនខ (សត្វឆ្កែ) និងដាក់ទោសជនល្មើសតាមផ្លូវច្បាប់។

 
«សូមអបអរសាទរចំពោះប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ច្បាប់ហាមឃាត់ការបរិភោគសាច់សុនខកាលពីថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៤នេះ!» ។ នេះជាសាររបស់លោក ហេង រតនា ដែលចង់ឱ្យកម្ពុជា មានច្បាប់ហាមបរិភោគសាច់សុនខនេះដែរ។
 
តាមរយៈការយល់ឃើញផ្ទាល់ខ្លួន លោក ហេង រតនា បានលើកឡើងថា កម្ពុជា មានប្រពៃណីទំនៀមទម្លាប់ថ្លៃថ្នូរ​ ដោយមិនបរិភោគសាច់សុនខនេះ តាំងពីបុរាណកាលមកម្ល៉េះ​ ប៉ុន្តែបច្ចុប្បន្ននេះ​ មានអ្នកបរិភោគសាច់សុនខកាន់តែច្រើនឡើងៗ ជាពិសេសក្នុងចំណោមយុវជន​។
 


អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) រូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី១០ មករា ដូច្នេះ៖«ខ្ញុំយល់ថាខ្មែរអាចធ្វើបាន​ នៅចំពោះមុខកម្ពុជាក៏មានច្បាប់គ្រប់គ្រងសត្វនិងចំណីអាហារមួយចំនួន ដែលលក្រសួងស្ថប័នពាក់ព័ន្ធអាចយកមកអនុវត្តន៍ហាមឃាត់បាន​ និងទន្ទឹងនឹងនេះ​ សូមសំណូមពរចលនាកសាងច្បាប់មួយនៅព្រះរាជាណាចក្រនេះ​ ដើម្បីហាមឃាត់ការបរិភោគសាច់សុនខនិងដាក់ទោសចំពោះជនល្មើសតាមច្បាប់តែម្តង»។
 
លោក ហេង រតនា ដែលបានសិក្សាលើឯកសារស្រាវជ្រាវនានា បានសង្កត់ធ្ងន់ថា​ សត្វសុនខ ប្រមាណ២-៣លានក្បាលក្នុងមួយឆ្នាំៗ ត្រូវបានគេសម្លាប់ធ្វើជាអាហារ​ ខណៈកន្លែងសុនខឃាត សុទ្ធតែគ្មានច្បាប់អនុញ្ញាតិឡើយ។​ «ដូចនេះការបរិភោគសាច់សុនខអាចប្រឈមនឹងគ្រោះសុខភាពសាធារណៈផងដែរ​ ។ តែអ្វីកាន់គ្រោះថ្នាក់ថែមទៀតនោះ គឺប្រពៃណីទំនៀមទម្លាប់ដ៍ផូរផង់របស់ដូនតាខ្មែរត្រូវបានបំផ្លាញ​ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម​ និងភ្លៀវទេសចរណ៍អន្តរជាតិមួយចំនួន មិនចង់មកទស្សនាកម្ពុជា ដោយសារទិដ្ឋភាពអវិជ្ជមាននៃការធ្វើអាជីវកម្មសម្លាប់សត្វសុនខធ្វើអាហារនេះ»។ លោក រតនា បានបន្ថែម ។ 


 
មូលហេតុមួយទៀត ដែលលោក ហេង រតនា មិនចង់ឱ្យមានការបរិភោគសាច់សុនខ ឬសាច់ឆ្កែនៅកម្ពុជានេះ ទំនងជាលោកមើលឃើញពីគុណតម្លៃរបស់សត្វសុនខ ដែលកំពុងបំពេញការងារ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យកម្ចាត់មីននៅកម្ពុជា។ សុនខ ជាង៣០០ក្បាល ដែលមានជំនាញហិតមីន កំពុងតែបំពេញការងារយ៉ាងសកម្ម នៅក្នុងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
 
រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់ឆ្កែទូទាំងប្រទេសដោយសំឡេង ២០៨ ដោយគ្មានសំឡេងប្រឆាំង។ ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែយកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះ នឹងត្រូវល្មើសច្បាប់ចាប់ពីឆ្នាំ ២០២៧ តទៅ។ ចំពោះអ្នកសម្លាប់សត្វឆ្កែប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន (ជាង ២,២ម៉ឺនដុល្លារ)។
 
យ៉ាងណាមិញ សមាគមបង្កាត់ពូជសត្វឆ្កែនៅកូរ៉េខាងត្បូងបានអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានចូលជាធរមានកសិដ្ឋានចិញ្ចឹមឆ្កែចំនួន ៣៥០០កសិដ្ឋានដែលមានសត្វឆ្កែចំនួន ១,៥លានក្បាល និងភោជនីយដ្ឋានចំនួន ៣០០០កន្លែងនឹងត្រូវបិទទ្វារ។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង ជាប្រទេសមួយ ដែលមានកសិដ្ឋានចិញ្ចឹមឆ្កែ តាមខ្នាតឧស្សាហកម្ម៕







Tag:
 ហេង រតនា
  សុនខ
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com