ជាតិ
មន្ត្រីនគរបាល២រូបទៀត នៃអង្គភាពកីឡា ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ
12, Jan 2024 , 10:17 am        
រូបភាព
លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញនគរបាល២រូបទៀត ចេញពីក្របខណ្ឌមន្រ្តីនគរបាល ក្រោមហេតុផលថា ពួកគេទាំងពីរអនុវត្តល្មើសវិន័យកងកម្លាំង។



មន្ត្រីនគរបាលទាំងពីររូប ដែលត្រូវបានលោក ស សុខា បណ្ដេញពីក្របខណ្ឌនេះ រួមមានលោកស្រីវរសេនីយ៍ត្រី អ៊ុ ចន្ទ្រា នាយរងការិយាល័យសរុប នៃអង្គភាពកីឡានគរបាលជាតិ និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា មន្ត្រីអង្គភាពកីឡា។
 
នៅក្នុងសេចក្តីសម្រេចដដែល លោក ស សុខា បានសង្កត់ធ្ងន់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីទាំងពីររូបនេះ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤នេះទៅ។
 
កន្លងមករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ផ្ញើរសារព្រមានថា មន្ត្រីកងកម្លាំងនគរបាលជាតិណា ដែលប្រើប្រាស់គ្រឿងញៀន នឹងប្រឈមមុខដកចេញពីក្របខណ្ឌនគរបាល នៃក្រសួងមហាផ្ទៃ។ មន្ត្រីកងកម្លាំង បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បើករត់គេច ក៏ប្រឈមមុខបាត់បង់តំណែង និងតួនាទីដែរ ក្រៅពីប្រព្រឹត្តិល្មើសវិន័យកងកម្លាំងផ្សេងៗទៀត។
 
 «បើយើងអត់យកពេលវេលានេះ បោសសម្អាតផ្ទះខ្លួនយើងសិន ដូចសម្ដេច ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង គឺយើងអត់មានពេលបោសសម្អាតទៀតទេ»។ នេះបើតាមលោក ស សុខា ដែលបានណែនាំឱ្យមន្ត្រីនគរបាល អនុវត្ត និងបំពេញការងារឱ្យបានត្រឹមត្រូវ។
 
គិតត្រឹមថ្ងៃទី៨ មករា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ  គឺមានមន្ត្រីនគរបាល ជាង៥០នាក់ហើយ ដែលបានរងពិន័យ ដកតួនាទី និងតំណែង។ ក្នុងចំណោម៥០នាក់នោះ មានមន្ត្រីនគរបាលប្រមាណ៤០ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។

អត្ថបទទាក់ទង

Tag:
 ស សុខា
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com