សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កសិករក្នុងខេត្តមួយនៅ​វៀតណាមស្នើ​នាយករដ្ឋមន្ត្រី​ខ្លួនឱ្យ​ទប់ស្កាត់ជ្រូកគេចពន្ធពី​កម្ពុជា​
19, Jan 2024 , 4:59 pm        
រូបភាព
កសិករចិញ្ចឹមជ្រូកមួយកន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម ។ រូបភាព ៖ VnExpress
កសិករចិញ្ចឹមជ្រូកមួយកន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម ។ រូបភាព ៖ VnExpress
សមាគមបសុសត្វខេត្តដុងណាយ ប្រទេស​វៀតណាម រំពឹងថារដ្ឋាភិបាលខ្លួននឹងមានដំណោះស្រាយឆាប់ៗដើម្បីការពារជ្រូកក្នុងស្រុក ជុំវិញការរត់ពន្ធជ្រូកដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក និងបង្កហានិភ័យនៃជំងឺ។

 
នៅក្នុងញត្តិ​ថ្មី​មួយ​ដែល​ដាក់ជូនលផល​​​នាយក​រដ្ឋមន្ត្រី ផាម មិញជិញ សមាគម​បសុសត្វខេត្ត ដុងណាយបាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២សប្តាហ៍​ដំបូងនៃ​ឆ្នាំ​នេះ ជា​រៀង​រាល់​យប់មាន​ជ្រូក​ពី ៦០០០ ទៅ ៧០០០ ក្បាល​ដែលរត់​ពន្ធពីកម្ពុជា​​ទៅ​វៀតណាម។ 
 
តាមខ្លឹមសារញត្តិខាងលើ សមាគមក្តាប់បានព័ត៌មានដែលឈ្មួញកណ្តាលបាននាំចូលជ្រូកពីកម្ពុជាយ៉ាងច្រើន សម្រាប់បំពេញតម្រូវការបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមកៀកចូលមកដល់។ នេះបើតាមកាសែតក្នុងស្រុក Pháp Luật Tp. Hồ Chí Minh ។ 
 
សារព័ត៌មាន VnExpress បានដកស្រង់តួលេខពីសមាគមនេះ នូវ​ចំនួនជ្រូករត់ពន្ធដែល​មានចំនួនប្រហែល ៣០ភាគរយនៃទិន្នផលបសុសត្វក្នុងស្រុកត្រូវបានលក់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងតម្លៃលក់ត្រឹមតែ ៥ម៉ឺនដុងក្នុងមួយគីឡូក្រាមនៃជ្រូករស់ (២,០៤ដុល្លារ) កសិករក្នុងស្រុកត្រូវខាតបង់ដោយសារតែពួកគេត្រូវលក់ក្រោមតម្លៃផលិតកម្ម។
 
លើសពីនេះ សមាគមបញ្ជាក់ថា ការរត់ពន្ធជ្រូកបានរីករាលដាលដែលបង្កើនហានិភ័យនៃ ជំងឺឆ្លងដល់ជ្រូកក្នុងស្រុក។ បន្ថែមពីនេះ ហ្វូងជ្រូកក្នុងស្រុកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់ក្នុងស្រុក។
 
« អស់ជាច្រើនឆ្នាំមកនេះ វិស័យបសុសត្វក្នុងស្រុកបានរងសម្ពាធពីជំងឺរាលដាលកូវីដ-១៩   ជំងឺប៉េស្តជ្រូកអាហ្រ្វិក... ដូច្នេះកសិករត្រូវទទួលរងការខាតបង់ជាបន្តបន្ទាប់។ កសិដ្ឋាន ឬអ្នកចិញ្ចឹមសត្វជាច្រើនត្រូវកាត់បន្ថយការចិញ្ចឹម និងបញ្ឈប់ការផលិត» ។ លោក ង្វៀន ជីកុង ប្រធានសមាគមបសុសត្វខេត្តដុងណាយបានប្រាប់ VnExpress បែបនេះ។
 
ដូច្នេះ សមាគមបានដាក់ញត្តិជូន​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​អាជ្ញាធរ​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទប់ស្កាត់​ការ​ដឹកជញ្ជូន និង​ជួញដូរ​ជ្រូក​ខុសច្បាប់​ទៅ​វៀតណាម តាម​ខ្សែបន្ទាត់​ព្រំដែន ច្រកព្រំដែន និង​ផ្លូវលំ​តូចៗ។ 
 
ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់ត្រូវតែជម្រាបទៅគ្រប់អង្គភាពដែលពាក់ព័ន្ធ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល និងការក្លែងបន្លំពាណិជ្ជកម្ម ក៏ដូចជាគាំទ្រដល់ការបំផ្លាញសត្វជ្រូកដែលនាំចូលខុសច្បាប់ក្នុងបរិមាណច្រើន។​ 
 
កន្លងមក នៅឆ្នាំ២០២៣ សមាគមនេះបានដាក់ញត្តិទៅនាយករដ្ឋមន្ត្រីចំនួន២ដង អំពីស្ថានភាពនៃការរត់ពន្ធជ្រូកយ៉ាងច្រើនចូលទៅវៀតណាម។ ជាពិសេស សមាគមក៏បានដាក់លិខិតទៅកាន់ទេសាភិបាលធនាគាររដ្ឋវៀតណាមក្នុងបំណងចង់មានគោលនយោបាយសង្គ្រោះបន្ទាន់សម្រាប់វិស័យបសុសត្វ។
 
យោងតាមសមាគមកាលពី១០ឆ្នាំមុន ប្រទេសនេះមានគ្រួសារចិញ្ចឹមសត្វ ១០លានគ្រួសារ ខណៈនៅឆ្នាំ២០២១ មាន ៤លានគ្រួសារ ហើយបច្ចុប្បន្នមានតិចជាង ២លានគ្រួសារ។ ប្រសិនបើយើងមិនឆាប់មានវិធានការទប់ស្កាត់ការរត់ពន្ធជ្រូកនោះទេ តំបន់ជាច្រើនប្រឈមនឹងហានិភ័យនៃការបំផ្លាញចោលទាក់ទងនឹងផលិតកម្មបសុសត្វ។
 
គួរបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ តម្លៃជ្រូករស់បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹម ៤៦០០០ដុងក្នុងមួយគីឡូក្រាម(១,៨៧ដុល្លារ) ដែលទាបជាងថ្លៃដើម ប្រមាណ ៨-១០ពាន់ដុង ធ្វើឲ្យឱ្យគ្រួសារអ្នកចិញ្ចឹមជ្រូកជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាក។ នេះបើតាមកំណត់ត្រារបស់ VnExpress៕  

Tag:
 ជ្រូក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com