សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តុលាការហុងកុង សម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande ដែលជាប់បំណុលវ័ណ្ឌក
29, Jan 2024 , 8:19 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
តុលាការទីក្រុងហុងកុងបានចេញសេចក្តីសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យ China Evergrande ដែលកំពុងជាប់បំណុលវ័ណ្ឌកជាង៣០០ពាន់លានដុល្លារ។

 
ក្នុងសវនាការថ្ងៃទី២៩ ខែមករា ​ចៅក្រម Linda Chan និយាយថា ក្រុមហ៊ុនមិនអាចបង្កើតផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានសមហេតុផលទេ ទោះបីបានពន្យារពេលជាច្រើនខែក៏ដោយ។ 
 
លោកស្រី Chan បានប្រាប់ Reuters ​ថា​ ៖ «​សម្រាប់​ពេល​នេះ តុលាការ​យល់​ថា​ រឿងនេះវា​លើស​ពី​ភាព​គ្រប់​គ្រាន់»។
 
តុលាការនឹងតែងតាំងបុគ្គលម្នាក់ឱ្យទទួលខុសត្រូវបណ្តោះអាសន្នចំពោះទ្រព្យសម្បត្តិរបស់ Evergrande ។ ក្រុមហ៊ុននេះបច្ចុប្បន្នមានទ្រព្យសកម្មប្រហែល២៤០ពាន់លានដុល្លារ ប៉ុន្តែមានបំណុលច្រើនជាង ៣០០ពាន់លានដុល្លារ។ Evergrande ​ត្រូវ​បាន​​ចាត់​ទុក​ថា ​ជា​ក្រុមហ៊ុន​ដែល​ជំពាក់​បំណុល​ច្រើន​បំផុត​ក្នុង​ពិភពលោក។
 
Evergrande បានសងបំណុលអន្តរជាតិនៅចុងឆ្នាំ ២០២១ ហើយក្រោយមកបានធ្លាក់ចូលវិបត្តិទីផ្សារអចលនទ្រព្យ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ក្រុមហ៊ុននេះព្យាយាមបញ្ចុះបញ្ចូលម្ចាស់បំណុលឱ្យយល់ព្រមលើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលបរទេសចំនួន២៣ពាន់លានដុល្លារ។ យ៉ាងណា ផែនការនេះបានជួបប្រទះការលំបាកជាបន្តបន្ទាប់ នៅពេលដែលមេដឹកនាំក្រុមហ៊ុន និងសាខាសំខាន់ៗនៅក្នុងប្រទេសចិនត្រូវបានស៊ើបអង្កេត។
 
យ៉ាងណាមិញ ក្រុមហ៊ុនចំណុះរបស់ Evergrande នឹងស្ថិតក្រោមការសម្រេចនេះឡើយ។
 
ការសម្រេចនេះ នឹងធ្វើវិស័យអចលនទ្រព្យរបស់ចិនកាន់តែខ្លាំងថែមទៀត ស្របពេលទីក្រុងប៉េកាំងនៅតែស្វែងរកមធ្យោបាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ពីព្រោះដំណើរការស្តារឡើងវិញក្រោយកូវីដ-១៩ មិនលឿនដូចការរំពឹងទុក។ ទីផ្សារ​អចលន​ទ្រព្យ​ចិន​បច្ចុប្បន្ន មានស្ថានភាព​អាក្រក់​បំផុត​ក្នុង​រយៈពេល​៩​ឆ្នាំ។ ទីផ្សារភាគហ៊ុនក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ។
 
ដំណើរការនៃការរំលាយទ្រព្យសម្បត្តិរបស់ Evergrande ត្រូវបានព្យាករថាមានភាពស្មុគស្មាញ។ យ៉ាងណា ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងពេលខ្លីនឹងមិនរងផលប៉ះពាល់ខ្លាំងទេ ដូចជាគម្រោងសាងសង់ផ្ទះរយៈពេលខ្លីជាដើម។ ហេតុផលគឺថាវានឹងចំណាយពេលច្រើនខែ ឬច្រើនឆ្នាំដើម្បីជ្រើសរើសអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande នៅចិនដីគោក។
 
កន្លងមក តុលាការកំពូលចិន និងតុលាការហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសហការគ្នាក្នុងការដោះស្រាយសំណុំរឿងដែលកើតឡើងនៅក្នុងទីតាំងទាំងពីរ។ មុនការប្រកាសរំលាយ Evergrande មានក្រុមហ៊ុនអចលនទ្រព្យចិនដីគោកយ៉ាងតិច ៣ផ្សេងទៀតត្រូវបានតុលាការក្រុងហុងកុងបញ្ជាឱ្យរំលាយទ្រព្យសម្បត្តិរបស់ពួកគេចាប់តាំងពីវិបត្តិអចលនទ្រព្យបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ ២០២១៕ 
 

Tag:
 ចិន
  អចលនទ្រព្យ
  Evergrande
© រក្សាសិទ្ធិដោយ thmeythmey.com