រដ្ឋាភិបាល ត្រូវការទុនវិនិយោគជាង១ពាន់លានដុល្លារ ដើម្បីដំណើរការសាងសង់អគារជាប់គាំង នៅខេត្តព្រះសីហនុ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអានរបាយការណ៍វាយតម្លៃ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មករា។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា បច្ចុប្បន្នអគារផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ អគារ ត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។ ជាមួយគ្នានោះ ក៏មានអគារបានសាងសង់រួចដែរ ប៉ុន្តែមិនដំណើរការ មានចំនួន ១៧៦ អគារ។
សម្រាប់អគារ ដែលផ្អាកដំណើរការសាងសង់នៅក្នុងខេត្តព្រះសីហនុនេះ ដោយសារកត្តាជាច្រើន រួមមាន៖ កត្តាផ្លាស់ប្ដូរ និងការវិវឌ្ឍសង្គមសេដ្ឋកិច្ច , ការរាតត្បាតជំងឺកូវីដ១៩ និងការប្រឈមជាសាកលផ្សេងទៀត។ អគារដែលរងផលប៉ះពាល់ទាំងនេះ ភាគច្រើនជាប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅជាដើម។ នេះបើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ច។
ដើម្បីដោះស្រាយបញ្ហាជាប់គាំងអគារទាំងនេះ រដ្ឋាភិបាល ក៏បានដាក់យន្តការជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទូទាំងខេត្តព្រះសីហនុ ជាពិសេសការដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងជាប់គាំង កាលពីខែមីនា ឆ្នាំ២០២៣ រួមទាំងវិធានការទូទៅ សម្រាប់ការអនុវត្ត និងលើកទឹកចិត្តដល់អ្នកវិនិយោគ ដល់ឆ្នាំ២០២៦។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ។ ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស។ ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។ ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច បន្ថែមថា កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖ ទី១ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤។ ទី២ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤។ ទី៣ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។
កម្មវិធីពិសេសនេះ ក៏បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។ នេះបើតាមលោក មុនីរ័ត្ន។
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារអន្តរក្រសួង ដោយឈរក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការវិនិយោគសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុទៀតផង។ ក្រុមការងារនេះ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន៕