សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនដាក់វិធានការថ្មី សង្រ្គោះវិស័យអចលនទ្រព្យ ក្រោយការរំលាយ Evergrande
01, Feb 2024 , 11:44 am        
រូបភាព
អគារលំនៅឋានរបស់ក្រុមហ៊ុន Country Garden Holdings នៅខេត្ត Jiangsu ។ រូបភាព ៖ AFP
អគារលំនៅឋានរបស់ក្រុមហ៊ុន Country Garden Holdings នៅខេត្ត Jiangsu ។ រូបភាព ៖ AFP
ចិនបានដាក់ចេញនូវវិធានការផ្តល់ប្រាក់កម្ចីចំនួន ៤២លានដុល្លារដល់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យ ព្រមទាំងដកការរឹតត្បិតលើការទិញផ្ទះនៅទីក្រុងមួយចំនួន ដើម្បីសង្រ្គោះវិស័យនេះ ក្រោយការរំលាយក្រុមហ៊ុន Evergrande។

 
អ្នកបង្កើតគោលនយោបាយចិនបានចេញនូវវិធានការថ្មីមួយ ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យដែលប្រឈមនឹងការដួលរលំជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande ត្រូវបានតុលាការហុងកុងបញ្ជាឱ្យរំលាយនៅក្នុងសប្តាហ៍នេះ។
 
នៅថ្ងៃទី៣១ ខែមករា ទីក្រុងប៉េកាំងបានប្រកាសអំពីផែនការសង្គ្រោះអចលនទ្រព្យចុងក្រោយបំផុត ដែលរួមបញ្ចូលទាំងប្រាក់កម្ចីថ្មីប្រមាណ ៣៣០លានយ័ន (៤២លានដុល្លារ) ដល់អ្នកអភិវឌ្ឍន៍វិស័យនេះដែលជាយន្តការមួយនៃ«ផែនការបញ្ជីស»របស់រដ្ឋាភិបាលចិន។ នេះបើតាមសារព័ត៌មាន Business Insider។ 
 
ផែនការបញ្ជីស ដែលផ្តួចផ្តើមដោយក្រសួងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន គឺសំដៅគាំទ្រដល់បញ្ជីក្រុមហ៊ុនអចលនទ្រព្យ ដែលមានសិទ្ធិទទួលបានឥណទាន បំណុល និងហិរញ្ញប្បទានសមធម៌។
 
ផែនការនេះបានអនុវត្តនៅទីក្រុងណាននីងក្នុងខេត្តក្វាងស៊ី ដោយបានពង្រីកកម្ចីទៅដល់គម្រោងចំនួន ១០៧គម្រោង ។ បន្ថែមពីនេះ ទីក្រុង Chongqing ក៏បានពង្រីកគម្រោងបញ្ជីស ទៅដល់អ្នកអភិវឌ្ឍន៍ចំនួន ៣១៤គម្រោង ដែលត្រូវការហិរញ្ញប្បទាន ៨៣ពាន់លានយ័ន។
 
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយទៀត ចិនកំពុងលុបចោលនូវការរឹតត្បិតការទិញផ្ទះ នៅទីក្រុងធំៗចំនួន ២ទៀត គឺ ស៊ូចូវ និងសៀងហៃ ក្រោយពីអនុវត្តជោគជ័យនៅទីក្រុងក្វាងចូវ។ កន្លងមក អ្នកស្រុកនៅស៊ូចូវត្រូវបានអនុញ្ញាតឱ្យទិញតែអាផាតមិនតែ ៣ប៉ុណ្ណោះ ដែលមានទំហំតិចជាង ១២០ម៉ែត្រការ៉េ។ 
 
វិធានការថ្មីទាំងនេះ ជាគំនិតផ្តួចផ្តើមមួយ ក្នុងការជំរុញសេដ្ឋកិច្ចចិន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលគាំទ្រប្រមាណ ២៥ភាគរយនៃផលិតផលក្នុងស្រុក(GDP)របស់ប្រទេស។ 
 
វិបត្តិអចលនទ្រព្យចិនកើតចេញពីបំណុលដ៏ច្រើនលើសលប់ និងការសាងសង់ហួសហេតុក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលបង្កឱ្យមានវិបត្តិលំហូរសាច់ប្រាក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន Evergrande ផងដែរ។ ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ​ដែល​ជំពាក់​បំណុល​គេ​ច្រើនបំផុត​ក្នុង​ពិភពលោក ​ដែល​មាន​បំណុល​ចំនួន ៣០០ពាន់​លាន​ដុល្លារ។
 
បញ្ហារបស់ Evergrande  បានបណ្តាលឲ្យវិស័យអចលនទ្រព្យចិន មានភាពរង្គោះរង្គើចាប់ពីដើមឆ្នាំ២០២២។ កាល​ពី​ថ្ងៃ​២៩ ខែមករា តុលាការ​ក្រុង​ហុងកុង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​រំលាយ​ក្រុមហ៊ុន Evergrande បន្ទាប់​ពី​ក្រុមហ៊ុននេះ បាន​ព្យាយាម​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ​អស់​រយៈពេល​២​ឆ្នាំ។
 
ជាង២ឆ្នាំមកនេះ ចិនបានអនុវត្តវិធានការជាច្រើន រាប់ចាប់ពីការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិការទិញផ្ទះ រហូតដល់ការលើកទឹកចិត្តដល់ការវិនិយោគ ដើម្បីសង្រ្គោះអចលនទ្រព្យ៕ 
 

Tag:
 អចលនទ្រព្យ
  ចិន
  Evergrande
© រក្សាសិទ្ធិដោយ thmeythmey.com