សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាឱ្យរឹតត្បិតការរត់ពន្ធជ្រូកខុសច្បាប់ពីប្រទេសជិតខាង
01, Feb 2024 , 8:19 pm        
រូបភាព
រូបភាព ៖​ VnExpress
រូបភាព ៖​ VnExpress
នាយករដ្ឋមន្រ្តីវៀតណាមបានចេញសេចក្តីសម្រេចមួយ បញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ  ត្រូវតែចាត់វិធានការពង្រឹង​ការ​ទប់ស្កាត់​ការ​រត់​ពន្ធជ្រូកដោយ​ខុស​ច្បាប់ ​ឆ្លង​កាត់​ព្រំដែន​ពីប្រទេសជិតខាង។

 
ការរត់ពន្ធ និងដឹកជញ្ជូនខុសច្បាប់នូវក្របី គោ ជ្រូក មាន់ ទា និងបង្កងឆ្លងព្រំដែនចូលវៀតណាមមានភាពស្មុគស្មាញ ជាពិសេសនៅខេត្តជាប់ព្រំដែនភាគខាងត្បូងជាមួយកម្ពុជា និងឡាវ។ ការណ៍នេះ នឹងបង្កើនហានិភ័យនៃការឆ្លងជំងឺផ្សេងៗ ដែលប៉ះពាល់ដល់ផលិតកម្មបសុសត្វក្នុងស្រុក និងសុខភាពប្រជាជន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ 
 
ឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចមួយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤  ដោយនាយករដ្ឋមន្ត្រី ផាម មិញជិញ បានស្នើដល់ក្រសួង ស្ថាប័ន ជាពិសេសមូលដ្ឋានដែលពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់ការរត់ពន្ធ និងការដឹកជញ្ជូនសត្វ និងផលិតផលជលផលខុសច្បាប់ឆ្លងព្រំដែនចូលវៀតណាម។
 
បើតាមសេចក្តីសម្រេចខាងលើ ខេត្តជាប់ព្រំដែនភាគនិរតីរបស់វៀតណាម ត្រូវតែបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែន កំពង់ផែសមុទ្រ ទន្លេ ... និងដោះស្រាយយ៉ាងម៉ត់ចត់ បង្ខំឱ្យនាំចេញទៅវិញ ឬបំផ្លាញចោលក្នុងករណីរត់ពន្ធខុសច្បាប់ដែលត្រូវបានរកឃើញ។
 
លោក ផាម មិញជិញ បានព្រមានថា៖ «ប្រធាន​ប្រធានគណៈកម្មាធិការប្រជាជនតាម​ខេត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​នាយក​រដ្ឋមន្ត្រី ប្រសិន​បើ​ការ​នាំ​ចូល​ខុស​ច្បាប់​នាំ​ឱ្យ​មាន​ជំងឺ​រាលដាល»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Vietnam Express។ 
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវពិនិត្យ និងបង្កើតលក្ខខណ្ឌសម្រាប់ការនាំចូលសត្វ ពូជបសុសត្វ និងផលិតផលជលផលជាផ្លូវការ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក ចៀសវាងការកេងចំណេញពីគោលនយោបាយ។ 
 
ទន្ទឹមនេះ ក្រសួង​សន្តិសុខ​សាធារណៈ​ត្រូវ​បាន​ចាត់តាំង​ឱ្យ​បង្កើត​ផែនការ​ពិសេស​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឈ្មួញ​និង​អ្នក​ដឹកជញ្ជូន​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន។ ចំណែក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវគ្រប់គ្រងទីផ្សារ និងរកឱ្យឃើញភ្លាមៗដោះស្រាយការបំពានយ៉ាងតឹងរ៉ឹង។
 
ជុំវិញរឿងនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១ ខែកុម្ភៈថា ជិតដល់ចូលឆ្នាំប្រពៃណីចិន-វៀតណាមម្តងៗ ប្រទេសក្បែរខាងមួយនេះ ​តែងតែខ្វះខាតសាច់។ ដូច្នេះឈ្មួញតែងតែចូលមកកម្ពុជាទិញជ្រូករស់ សម្រាប់បំពេញតម្រូវការក្នុងស្រុក។ 
 
លោកសង្កត់ធ្ងន់ថា ៖« មិនមែនយើងនាំជ្រូកខុសច្បាប់ទេ យើងគ្មានសិទ្ធនាំចូលទេ គឺឈ្មួញបងប្អូនខាងវៀតណាមអ្នកកម្មង់ ស្របពេលដែលបងប្អូនអ្នកចិញ្ចឹមជ្រូកខ្មែរកកស្ទះ ដូច្នេះយើងត្រូវតែលក់ តែមិនមែនលក់បានថ្លៃទេគឺលក់សម្រាលបន្ទុក»។ 
 
កន្លងមកសមាគមបសុសត្វខេត្តដុងណាយបានរាយការណ៍ថា ជា​រៀង​រាល់​យប់មាន​ជ្រូក​ពី ៦០០០ ទៅ ៧០០០ ក្បាល​ដែលរត់​ពន្ធពីកម្ពុជា​​ទៅ​វៀតណាម។ ចំនួនជ្រូករត់ពន្ធមានចំនួនប្រហែល ៣០ភាគរយនៃទិន្នផលបសុសត្វក្នុងស្រុកដែលត្រូវបានលក់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងតម្លៃលក់ត្រឹមតែ ៥ម៉ឺនដុងក្នុងមួយគីឡូក្រាមនៃជ្រូករស់ (២,០៤ដុល្លារ) កសិករក្នុងស្រុកត្រូវខាតបង់ដោយសារតែពួកគេត្រូវលក់ក្រោមតម្លៃផលិតកម្ម៕ 
 

Tag:
 ជ្រូក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com