ជាតិ
សុខភាព
ក្រសួងសុខាភិបាល ព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការប្រើបារីអេឡិចត្រូនិក ស៊ីហ្សា និងHTP
04, Feb 2024 , 10:13 am        
រូបភាព
ភ្នំពេញ៖ បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងអេចណ៍ ធី ភី (HTP-Heated Tobacco Product) ផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ នេះជាការព្រមានរបស់ក្រសួងសុខាភិបាល។

 
តាមរយៈសេចក្តីព័ត៌មានចុះថ្ងៃទី៣ ខែកុម្ភៈ ក្រសួងសុខាភិបាលបញ្ជាក់ថា ផលិតផលទាំងនេះ ក៏ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនផងដែរ ខណៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ជួញដូរ និងធ្វើអាជីវកម្មផលិតផលដែលបង្កគ្រោះថ្នាក់ដល់សុខភាពទាំងនេះ។ 
 
បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទដូចជា E-cigs, Mods, Vape pens, Vapes ជាដើម។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ឆា និងសារធាតុញៀនផ្សេងទៀតដែរ។ តាមក្រសួងសុខាភិបាល ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុមានគ្រោះថ្នាក់ ដូចជានីកូទីន (Nicotine) ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត និងសារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ។ 
 
នៅក្នុងបារីអេឡិចត្រូនិក ក៏មានសារធាតុសរីរាង្គដែលងាយហើរ និងសារធាតុគីមីដែលអាចបណ្តាលឱ្យមានជំងឺមហារីក ព្រមទាងក្រុមលោហៈធ្ងន់ ដូចជានឹកល សំណប៉ាហាំង និងសំណ ដែលគ្រោះថ្នាក់ដល់សុខភាពដែរ។ ក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះ រួចបន្តថា៖ «បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក»។ 
 
បើតាមក្រសួងសុខាភិបាល បារីអេឡិចត្រូនិក ក៏អាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន និងមានផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល។ ដូចសារធាតុញៀនដទៃទៀតដែរ នីកូទីន អាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត ឆាប់មួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។ 
 
ចំពោះផលិតផលស៊ីហ្សា ឬហៅម្យ៉ាងទៀតថា«ខ្សៀរទឹក» ក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរដល់សុខភាព។ សិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺដូចការជក់បារី មានដូចជា ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមានលទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះ និងមហារីកប្លោកនោមជាដើម។
 
ជាផលិតផលថ្នាំជក់ថ្មី HTP មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកដែរ។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ដូច្នេះ។ 
 
«បារីអេឡិចត្រូនិក ស៊ីហ្សា និង HTP ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម»។ នេះជាការព្រមានរបស់ក្រសួងសុខាភិបាល ជាមួយនឹងការ អំពាវនាវកុំឱ្យពលរដ្ឋ ពិសេសយុវជន សាកល្បងប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនេះ៕
 
 

Tag:
 បារីអេឡិចត្រូនិក
  ស៊ីហ្សា
  HTP
© រក្សាសិទ្ធិដោយ thmeythmey.com