ជាតិ
ការបង្កបង្កើនស្រូវប្រាំងលើសផែនការ២៦ម៉ឺនហិកតា ដែលប្រឈមខ្វះទឹកស្រោចស្រព
06, Feb 2024 , 2:09 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ បច្ចុប្បន្នភាព ការបង្កបង្កើនស្រូវប្រាំងរបស់កសិករបានហក់ឡើងខ្ពស់ក្នុងរង្វង់៧៦ម៉ឺនហិកតា លើសផែនការជាង២៦ម៉ឺនហិកតា ។ ក្នុងនោះ ខេត្តបាត់ដំបង ពោធិ៍សាត់ ព្រៃវែង និងតាកែវ ប្រឈមខ្វះខាតទឹកស្រោចស្រពខ្លាំងជាងគេ។



លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា គិតត្រឹមថ្ងៃទី៦ កុម្ភៈ ការបង្កបង្កើនស្រូវប្រាំងលើសផែនការជាង២៦ម៉ឺនហិកតាហើយ ខណៈតំបន់ខ្លះ នៅតែសម្រុកធ្វើបន្តទៀត។ 
 
តាមផែនការទឹកស្រោចស្រពលើការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣-២០២៤ ចេញដោយក្រសួងធនធានទឹក ដាក់ឱ្យអនុវត្តត្រឹមតែ៥០ម៉ឺនហិកតាប៉ុណ្ណោះ។ ផ្ទៃដីធ្វើស្រែប្រាំងឆ្នាំនេះ គឺកើនលើសលុប និងមិនធ្លាប់ជួបប្រទះ តាំងពីបង្កើតក្រសួងធនធានទឹក និងឧតុនិយមមក។ ជាក់ស្ដែង ឆ្នាំមុន កម្ពុជាមានផ្ទៃដីដាំដុះស្រូវប្រាំង៦០ម៉ឺនហិកតា និងក្នុងអំឡុងឆ្នាំ១៩៩៩ និង២០០០ មុនពេលកកើតក្រសួងធនធានទឹក មានត្រឹមតែ២៥ម៉ឺនហិកតាប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ លោក ចាន់ យុត្ថា។ 
  


អ្នកនាំពាក្យរូបនេះ ប្រាប់ដូច្នេះថា៖«ក្នុងឆ្នាំនេះ ផែនការរបស់យើង ដាក់ឱ្យអនុវត្តក្នុងរង្វង់៥០ម៉ឺនហិកតាទេ​ តែឥឡូវ កើនដល់៧៦ម៉ឺនហិកតា។ ចំនួននេះ យើងមិនដែលជួបពីមុនមកទេ »។   
 
ខេត្តដែលបង្កបង្កើនស្រូវប្រាំងលើសផែនការ និងប្រឈមខ្វះទឹកស្រោចស្រពខ្លាំងជាងគេ មានដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ ព្រៃវែង និងតាកែវ។ ខេត្តបាត់ដំបង ពលរដ្ឋបានពង្រីកការដាំដុះដល់ជាង៦ម៉ឺនហិកតា ខណៈផែនការមានត្រឹម២ម៉ឺនហិកតាប៉ុណ្ណោះ។ ក្នុងចំណោម៦ម៉ឺនហិកតានោះ មានកន្លែងមួយចំនួនរងផលប៉ះពាល់ និងខូចខាតផងដែរ ជាពិសេស នៅស្រុកមោងឫស្សី។
 
ចំណែក ខេត្តតាកែវ ការបង្កបង្កើនស្រូវប្រាំងកើនជាង១០ម៉ឺនហិកតា ខណៈផែនការដាំដុះមានត្រឹម៨ម៉ឺនហិកតា។ យ៉ាងណាមិញ លោក ចាន់ យុត្ថា អះអាងថា ខេត្តមួយនេះ ក្រសួងធនធានទឹកជួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកបានច្រើន ហើយផលប៉ះពាល់អាចកើតមានក្នុងរង្វង់៤០០ហិកតាប៉ុណ្ណោះ។ រីឯខេត្តពោធិ៍សាត់ មានផ្ទៃដីប្រឈមជាង១ម៉ឺនហិកតា និងព្រៃវែង ប្រឈមជាង៦ពាន់ហិកតា។ 
 
បើលតាមលោក ចាន់ យុត្ថា ក្រសួងធនធានទឹកនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព ដើម្បីជួយអន្តរាគមន៍បូមទឹកបញ្ចូលស្រែជូនកសិករ។ ក្រៅពីទឹកបង្កបង្កើនផល នៅតាមបណ្ដាភូមិមួយចំនួន ក៏ប្រឈមខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងនេះដែរ។ 
 
ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយថ្ងៃខ្លះ អាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។ 
 
លោក ចាន់ យុត្ថា ប្រាប់ដូច្នេះថា៖«សីតុណ្ហភាពចាប់ផ្ដើមកើនឡើងហើយ ជាពិសេសក្នុងខែមីនា និងមេសា ស្ថានភាពកម្ដៅអាចស្ថិតក្នុងរង្វង់៣៩ទៅ៤១អង្សារ។ ដូច្នេះ ក្ដៅខ្លាំងឆ្នាំនេះ ហើយភ្លៀងកក់ខែមានតិចតួច។ ក្រៅពីទឹកបង្កបង្កើនផល ក៏មានភូមិមួយចំនួន ដែលយើងពិនិត្យឃើញថា អាចនឹងមានបញ្ហាទឹកប្រើប្រាស់ផងដែរ»។ 
 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា តម្លៃស្រូវល្អ គឺជាកត្តាជំរុញឱ្យកសិករសម្រុកបង្កបង្កើនស្រូវប្រាំង រហូតដល់លើសផែនការ ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក។ 
 
«នៅក្នុងរឿងនេះ ប្រជាកសិករលោកមិនខុសនោះទេ ព្រោះថានៅពេលលក់ទិន្នផលស្រូវបានថ្លៃ លោកតែងតែចង់ធ្វើបន្តទៀត ដើម្បីទទួលបានផលចំណេញបន្ថែម។ គ្រាន់តែថា នៅពេលធ្វើស្រែប្រាំងលើសផែនការច្រើនបែបនេះ វាប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ទឹក។ កង្វះទឹកនេះដែរ ក្រសួកសិកម្ម និងបន្តធ្វើការឱ្យជិតស្និតជាមួយអាជ្ញាធរខេត្ត ក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានេះជូនកសិករ»។ អ្នកនាំពាក្យក្រសួងកសិកម្ម បន្ថែម។
 
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២កុម្ភៈ នៅវិមានសន្តិភាព សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាខ្វះខាតទឹកជូនពលរដ្ឋ។ បញ្ហានេះ សម្ដេច ណែនាំឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ តាមលទ្ធភាពដែលមាន៕ 
 

Tag:
 អ៊ឹម រចនា
  ចាន់ យុត្ថា
  គ្រោះរាំងស្ងួត
  ស្រូវប្រាំង
  ក្រសួងកសិកម្ម
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com