អន្តរជាតិ
ថៃ នឹងប្រារព្ធពិធីសង្រ្កាន្តពិភពលោករយៈពេល ២១ថ្ងៃនៅទូទាំងប្រទេស
06, Feb 2024 , 4:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ថៃ នឹងប្រារព្ធពិធីបុណ្យសង្រ្កាន្តពិភពលោក២១ថ្ងៃនៅទូទាំងប្រទេសនៅខែមេសាខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃទី៥ ខែកុម្ភៈ។



កាលពីខែធ្នូកន្លងទៅ អង្គការយូណេស្កូ បានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការ នៅ ក្រុងKasane ប្រទេសបុតស្វាណា។ ដើម្បីអបអរការដាក់បញ្ចូលនេះ ថៃនឹងរៀបចំពិធីសង្រ្កាន្តពិភពលោករបស់ខ្លួនរយៈពេល២១ថ្ងៃ នៅទូទាំងប្រទេស។ 
 
«រដ្ឋាភិបាលនឹងរៀបចំសកម្មភាពពិធីសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល២១ថ្ងៃ ដោយផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា»។ កាសែតបាងកកប៉ុស្តិ៍បានស្រង់សម្តីលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបែបនេះ នៅថ្ងៃទី៥ ខែកុម្ភៈ។ លោក Chai បន្តថា អង្គការយូណេស្កូ បានផ្តល់លិខិតទទួលស្គាល់សង្រ្កាន្តថៃទៅក្រសួងវប្បធម៌រួចហើយ។ 
 
នៅឆ្នាំ២០២៤ ថៃត្រូវធ្វើពិធីសង្រ្កាន្តពីថ្ងៃទី១៣ ដល់ទី១៥ ខែមេសា។​
 
តាមមន្រ្តីរដ្ឋាភិបាលរូបនេះ ពិធីសង្រ្កាន្តពិភពលោក នឹងផ្សព្វផ្សាយពីប្រពៃណីសង្រ្កាន្តរបស់អ្នកស្រុក និងសកម្មភាពផ្សេងៗ។ បន្ថែមពីនេះ ថៃនឹងរៀបចំសកម្មភាពវប្បធម៌នៅខេត្តចំនួន ៧៦ និងខណ្ឌទាំង ៥០ក្នុងក្រុងបាងកក។ 
 
ក្រៅពីសង្រ្កាន្ត កន្លងមក ថៃបានដាក់ របាំ Khon, របៀបម៉ាស្សាបែបថៃ, និងរបាំNora ទៅក្នុងបញ្ជីនេះរួចហើយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com