អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកត្រាំ ចង់ជជែកដេញដោលភ្លាមៗជាមួយលោក បៃឌិន ប៉ុន្តែត្រូវប្រធានាធិបតីបដិសេធ
06, Feb 2024 , 8:19 pm        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាលត្រាំ (ឆ្វេង) និងប្រធានាធិបតីបច្ចុប្បន្ន លោក​ ចូ បៃឌិន ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាលត្រាំ (ឆ្វេង) និងប្រធានាធិបតីបច្ចុប្បន្ន លោក​ ចូ បៃឌិន ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់រៀបចំការជជែកដេញដោល ជាមួយប្រធានាធិបតីអាម៉េរិកបច្ចុប្បន្នភ្លាមៗ ប៉ុន្តែត្រូវបានលោក ចូ បៃឌិន ច្រានចោលគំនិតនេះ។

 
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Dan Bongino Show នៅថ្ងៃទី៥ ខែកុម្ភៈ លោក​ ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានបង្ហាញពីចេតនាចង់ជជែកដេញដោលជាមួយលោកចូ បៃឌិនភ្លាមៗ ខណៈលោកតែងគេចមុខពីការជជែកដេញដោលជាមួយគូប្រជែងក្នុងបក្ស លោកស្រី Nikki Haley ក៏ដោយ។ 
 
«ខ្ញុំចង់ជជែកជាមួយគាត់ឥឡូវនេះ។ យើងគួរតែជជែកគ្នា ដើម្បីផលប្រយោជន៍ប្រទេស»។ លោកត្រាំបានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៥ ខែកុម្ភៈ។ 
 
លោក ត្រាំ ជាបេក្ខជននាំមុខគណបក្សសាធារណរដ្ឋមួយរូប ខណៈលោក បៃ ឌិន មកពីបក្សប្រជាធិបតេយ្យ។ ជាធម្មតាបេក្ខជនប្រធានាធិបតីដែលតំណាងឱ្យបក្សនីមួយៗនឹងមានការជជែកដេញដោលចំនួន៣ដង ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ ក្នុងឆ្នាំ ២០២០ លោក ត្រាំ បានពិភាក្សាជាមួយលោក បៃឌិន ចំនួន២ដង។ ជំនួបលើកទី៣ ត្រូវបានលុបចោល ដោយសារតែលោក ត្រាំ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយបដិសេធមិនចូលរួមពិភាក្សាតាមអ៊ីនធឺណិត។
 
ក្នុងពេលបច្ចុប្បន្នលោក ត្រាំ មិនទាន់ជាបេក្ខជនផ្លូវការតំណាងឱ្យបក្សសាធារណៈរដ្ឋទេ។ ត្រង់ចំណុចនេះ លោកត្រាំ មិនមានសិទ្ធិចូលរួមក្នុងការជជែកដេញដោលជាមួយតំណាងបក្សមួយទៀតឡើយ។ 
 
ជាការឆ្លើយតប លោកបៃឌិន បានឌឺដងដាក់ថា បើលោកជាលោកត្រាំ លោកក៏ចង់ជជែកជាមួយខ្លួនឯងដូចគ្នា។ 
 
« ភ្លាមៗ? ប្រសិនបើខ្ញុំជាគាត់! ខ្ញុំក៏ចង់ជជែកវែកញែកជាមួយខ្ញុំដែរ»។ លោកប្រធានាធិបតី បានឆ្លើយនឹងអ្នកសារព័ត៌មាននៅថ្ងៃដដែលនោះនៅរដ្ឋ Las Vegas ដែលបានសួរពាក់ព័ន្ធនឹងការជជែកដេញដោយលជាមួយលោកត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 
 
កន្លងមក លោក ត្រាំ ក៏បានវាយប្រហារលោក បៃឌិន ចំពោះការបដិសេធមិនផ្តល់បទសម្ភាសន៍សម្រាប់កម្មវិធីដែលចាក់ផ្សាយមុនពេលការប្រកួតបាល់ទាត់ Super Bowl នៅថ្ងៃទី១១ ខែកុម្ភៈ ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ដែលអាចជួយប្រមុខសេតវិមានទទួលបានអ្នកទស្សនារាប់លាននាក់ផងដែរ។ 
 
លោក​ ត្រាំ ឌឺដងថា ៖« លោក បៃឌិន មិនអាចចូលរួមបានទេ ព្រោះគាត់មិនអាចនិយាយអ្វីបានទេ»។ 
 
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមលទ្ធផលនៃការស្ទង់មតិកន្លងមកដែលធ្វើឡើងដោយ Bloomberg News និង Morning Consult កាលពីខែតុលាឆ្នាំ២០២៣ បង្ហាញថា លោក ត្រាំ បាននាំមុខប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន៕ 
 

Tag:
 អាម៉េរិក
  បោះឆ្នោត
  ចូ បៃឌិន
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com