អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កសិករអេស្ប៉ាញបើកត្រាក់ទ័របិទផ្លូវ តវ៉ាឲ្យរដ្ឋាភិបាលដោះស្រាយថ្លៃចំណាយធ្វើកសិកម្ម
07, Feb 2024 , 3:23 pm        
រូបភាព
ត្រាក់ទ័រ​បានបិទ​ផ្លូវ​នៅ​ទីក្រុង Burgos ភាគ​ខាងជើង​អេស្ប៉ាញ ។ រូបភាព​ ៖ AFP
ត្រាក់ទ័រ​បានបិទ​ផ្លូវ​នៅ​ទីក្រុង Burgos ភាគ​ខាងជើង​អេស្ប៉ាញ ។ រូបភាព​ ៖ AFP
កសិករនៅអេស្ប៉ាញបានប្រមូលផ្តុំគ្នា ដោយយកត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មបិទផ្លូវសំខាន់ៗ តវ៉ានឹងការចំណាយថ្លៃដើមកើន និងអំពាវនាវឱ្យរដ្ឋាភិបាល មានដំណោះស្រាយជុំវិញសម្ពាធប្រកួតប្រជែងទំនិញពីប្រទេសក្រៅសហភាពអឺរ៉ុប (EU)។

 
កសិករអេស្ប៉ាញបានបើកត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មទៅកាន់ផ្លូវជាច្រើន នៅថ្ងៃទី៦ ខែកុម្ភៈ ដោយបានបិទចរាចរណ៍នៅលើផ្លូវធំៗ និងបានដុតសំបកកង់ឡានជាដើម។ ការតវ៉ានេះ មានគោលបំណងតវ៉ាប្រឆាំងការចំណាយថ្លៃដើមខ្ពស់ក្នុងការធ្វើកសិកម្ម   ការិយាធិបតេយ្យ និងការទប់ស្កាប់ទំនិញដែលហូរចូលពីក្រៅសហភាពអឺរ៉ុបជាដើម។ 
 
ទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍អេស្ប៉ាញបាននិយាយថា កសិករជាច្រើនបានបើកត្រាក់ទ័របិទផ្លូវ រារាំងចរាចរណ៍ពី Seville និង Granada នៅភាគខាងត្បូង ឆ្ពោះទៅ Girona ជិតព្រំដែនបារាំង។ 
 
សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមកសិករតវ៉ា ដោយបានត្អូញត្អែរថា បទប្បញ្ញត្តិតឹងតែងដែលដាក់ដោយសហភាពអឺរ៉ុប ដើម្បីការពារបរិស្ថាន បានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចជាងកសិករនៅក្នុងតំបន់ផ្សេងទៀត ដូចជាអាម៉េរិកឡាទីន ឬបណ្តាប្រទេសនៅខាងក្រៅសហភាពអឺរ៉ុប។ 
 
នៅថ្ងៃដដែលក្រសួងកសិកម្មអេស្ប៉ាញ បានប្រកាសថានឹងបែងចែកប្រាក់បន្ថែមចំនួន ២៦៩លានអឺរ៉ូ (២៨៩លានដុល្លារ) គាំទ្រដល់កសិករជិត ១៤០ពាន់គ្រួសារ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត ដែលអូសបន្លាយយូរ និងផលប៉ះពាល់ពីជម្លោះនៅអ៊ុយក្រែន។
 
គួរបញ្ជាក់ថា មួយសប្តាហ៍មកនេះ កសិករមកពីបណ្តាប្រទេសអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក ប៉ូឡូញ និងហុងគ្រី បានរៀបចំការតវ៉ាទ្រង់ទ្រាយធំនៅពាសពេញទឹកដីអឺរ៉ុប ទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការលើការដំឡើងពន្ធ ការទប់ស្កាត់ទំនិញពីបរទេស និងការកើនឡើងថ្លៃចំណាយធ្វើកសិកម្មជា​ដើម៕ 
 
 

Tag:
 កសិករ
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com