សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សហភាពអឺរ៉ុបដាក់សម្ពាធអាម៉េរិកឱ្យផ្តល់ជំនួយ ៦០ពាន់លានដុល្លារដល់អ៊ុយក្រែន
07, Feb 2024 , 8:29 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Mihel (ឆ្វេង) ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenky ។ រូបភាព ៖  Kyiv Post
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Mihel (ឆ្វេង) ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenky ។ រូបភាព ៖ Kyiv Post
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅថ្ងៃទី៦ ខែកុម្ភៈ បានអំពាវនាវឱ្យសមាជិកសភាអាម៉េរិកបញ្ចេញជំនួយ ៦០ពាន់លានដុល្លារដែលខ្លួនធ្លាប់បានសន្យាដើម្បីជួយអ៊ុយក្រែន។ 

 
លោក Charles Michel បានអំពាវនាវឱ្យសភាតំណាងរាស្រ្តអាម៉េរិកបញ្ចេញប្រាក់ចំនួន ៦០ពាន់លានដុល្លារដែលត្រូវការជាចាំបាច់ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ ការអំពាវនាវនេះ មិនមែនជារឿងថ្មីឡើយ ខណៈនៅគ្រាកន្លង មេដឹកនាំអឺរ៉ុប ក៏បានទទូចឱ្យអាម៉េរិកបញ្ចេញជំនួយផងដែរ។ 
 
យ៉ាងណាមិញ វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់នៅក្នុងសេចក្តីព្រាងច្បាប់របស់អាម៉េរិក ប្រសិនបើកញ្ចប់ថវិកាពាក់ព័ន្ធជំនួយទៅអ៊ុយក្រែន ត្រូវបានអនុម័ត វានឹងធ្លាក់ទៅដល់ដៃក្រុមហ៊ុនអាម៉េរិក យោធាអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន euobserver។ 
 
ការអំពាវនាវរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានយល់ព្រមផ្តល់កញ្ចប់ថវិកាចំនួន ៥០ពាន់លានអឺរ៉ូ (៥៣ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន រួមទាំងប្រាក់កម្ចីចំនួន ៣៣ពាន់លានអឺរ៉ូ (៣៥ពាន់លានដុល្លារ) និងជំនួយចំនួន ១៧ពាន់លានអឺរ៉ូ (១៨ពាន់លានដុល្លារ) ដើម្បីផ្តល់ប្រភពហិរញ្ញវត្ថុស្ថិរភាពដល់អ៊ុយក្រែន។ ប្រភពជំនួយនេះ តំណាងឲ្យ ០,០៨ភាគរយនៃផលិតក្នុងស្រុកសរុបរបស់ EU ។ 
 
ទន្ទឹមនេះ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់ពីជម្លោះបានបញ្ចប់។ ការផ្តល់កញ្ចប់ជំនួយនេះ អាចចាប់ផ្តើមនៅក្នុងខែមីនា ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តចុងក្រោយ។
 
កន្លងមក ព្រឹទ្ធសភាអាម៉េរិក បានបញ្ចេញសំណើថវិកាទំហំ ១១៨,២ពាន់លានដុល្លារ ដោយក្នុងនោះមាន ៦០ពាន់លានដុល្លារទៅអ៊ុយក្រែន។ យ៉ាងណាមិញ ប្រធានសភាតំណាងអាម៉េរិកថា សំណើនេះ នឹងមិនអាចឆ្លងសភារបស់ខ្លួនបានឡើយ។ 
 
មេដឹកនាំសហភាពអឺរ៉ុបទំនងជានឹងបន្តណែនាំវិធីសាស្រ្តថ្មីក្នុងការផ្តល់ជំនួយដល់ទីក្រុងកៀវ។ បញ្ហា​នេះ​នឹង​ត្រូវ​ពិភាក្សា​ដោយ EU ក្នុង​សន្និសីទ​នាពេល​ខាង​មុខ​អំពី​របៀប​ដាក់​ពង្រាយ និង​វាយ​តម្លៃ​ជំនួយ​ពី​ប្លុក​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ដល់​អ៊ុយក្រែន៕
 

Tag:
 អ៊ុយក្រែន
 ​ អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com