ជាតិ
សេដ្ឋកិច្ច
បញ្ហាអាកាសធាតុធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់គុណភាព និងលក់បានតម្លៃទាប
07, Feb 2024 , 8:59 pm        
រូបភាព
រូប​ភាពផ្ដល់ដោយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
រូប​ភាពផ្ដល់ដោយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ បាតុភូតកម្ដៅ អែលនីញ៉ូ (El Nino) កំពុងធ្វើឱ្យសាច់នៃគ្រាប់ស្វាយចន្ទីកម្ពុជា ធ្លាក់គុណភាព និងលក់បានតម្លៃទាប។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) ដោយបារម្ភថា កសិករអាចបាក់ទឹកចិត្ត ហើយនាំគ្នាកាប់ដើមស្វាយចន្ទីចោល។



លោក អួន ស៊ីឡុត បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ចាប់ពីខែមករា ដើមឆ្នាំមក ការលក់ចេញគ្រាប់ស្វាយចន្ទី នៅ​តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មាននិន្នាការធ្លាក់ថ្លៃជាបន្តបន្ទាប់។ បញ្ហានេះ បណ្ដាលមកពីបាតុភូតកម្ដៅអែលនីញ៉ូ ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីស្វិត ខូច និងមិនសូវមានសាច់ ហើយវាគឺជាដើមចម ធ្វើឱ្យឈ្មួញបន្ទាបតម្លៃ។ 
 
ខេត្តដែលរកឃើញថា គុណភាពគ្រាប់ស្វាយចន្ទីធ្លាក់ចុះជាងគេរួមមាន មណ្ឌលគិរី រតនគរី កំពង់ឆ្នាំង កំពត និងកោះកុង។ រីឯ ស្ទឹងត្រែង និងកំពង់ធំ នៅរក្សាបានស្ថេរភាព និងលក់បានតម្លៃខ្ពស់ដដែល។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់ មានតម្លៃទាបបំផុតក្នុងរង្វង់៤ពាន់រៀលក្នុងមួយគីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។
  
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា

លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ទិន្នផលយើងឃើញថាបានល្អ ប៉ុន្តែដោយសារតែអែលនីញ៉ូ ធ្វើឱ្យសាច់ខាងក្នុងរបស់វាមិនសូវល្អនោះទេ។ ជាក់ស្ដែង ការប្រមូលផលកាលពីខែមករា វាសម្បូរគ្រាប់ស្វិត ឬគ្រាប់កដប ដែលវាខូចគុណភាព ដូច្នេះ បើយើងយកគ្រាប់ខូចគុណភាពឱ្យទៅរោងចក្រកែច្នៃ គេប្រាកដជាខាតហើយ។ ហេតុនេះ ទើបគេទម្លាក់តម្លៃតាមគុណភាពគ្រាប់ ដែលបានបែងចែក»។ 
 
បាតុភូតអែលនីញ៉ូ អាចបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅ ដែលធ្វើឱ្យដំណាំចន្ទីពិបាកលូតលាស់ និងការវាយប្រហារពីសត្វល្អិតចង្រៃ បានបំផ្លាញស្វាយចន្ទី ដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើរ និងពីងពាងក្រហម ជាដើម។
 
ក្នុងរយៈពេល៤ឆ្នាំ ចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី៣០ទៅ៤០ភាគរយ។ បញ្ហានេះបានធ្វើឱ្យកសិករបាក់ទឹកចិត្ត និងកាប់ដើមចន្ទីចោលជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ៤៧២  ៩៤៦ហិកតា និងទទួលបានទិន្នផលសរុប ៧០៩ ៤១៩តោន។ 
 
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះប្រមាណ១៦ ភាគរយ។ ដោយឡែកនាំចេញទៅ វៀតណាមមានចំនួន ៦១៨ ០០០តោន៕ 
 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  អួន ស៊ីឡុត
  សមាគមស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com