អន្តរជាតិ
លោកគិន ភា៖ ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់បំផុតនៃប្រវត្តិសាស្រ្តប្រទេសទាំងពីរ
10, Feb 2024 , 7:09 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចាប់ដៃជាមួយសមភាគីចិន លោក លី ឈាំង និងលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ស្តាំ)។ រូបភាព Xinhua និង PO Sakun
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចាប់ដៃជាមួយសមភាគីចិន លោក លី ឈាំង និងលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ស្តាំ)។ រូបភាព Xinhua និង PO Sakun
ទំនាក់ទំនងកម្ពុជា និងចិន បានឈានដល់ចំណុចមួយដ៏ខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តប្រទេសទាំងពីរ។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបញ្ជាក់បែបនេះ ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្រ្ត និងកិច្ចព្រមព្រៀងជាច្រើនដែលប្រទេសទាំងពីរមានជាមួយគ្នា។



គិតត្រឹមឆ្នាំ២០២៤ កម្ពុជា និងចិន មានទំនាក់ទំនងការទូតផ្លូវការរយៈពេល ៦៦ឆ្នាំហើយ ដោយរដ្ឋាភិបាលប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត។ ជុំវិញទំនាក់ទំនងទ្វេភាគីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានមើលឃើញថា ឈានដល់កម្រិតខ្ពស់បំផុត។ 
 
«ទំនាក់ទំនងរវាងកម្ពុជា-ចិននេះ បានមកដល់កម្រិតមួយខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រទេសទាំងពីរ»។ លោក គិន ភា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ។ ការយល់ឃើញរបស់ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារូបនេះ គឺឈរលើមូលដ្ឋានប្រវត្តិសាស្រ្ត និងកិច្ចព្រមព្រៀងមិត្តភាពដែលប្រទេសទាំងពីរមានជាមួយគ្នា។ 
 
កន្លងមក កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងដូចជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ, កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ និងកិច្ចព្រមព្រៀងកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នាជាដើម។ 
 
នៅក្នុងឆ្នាំ២០២៤ ប្រទេសទាំងពីរ បានសម្ពោធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជ​នថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជា។ ទាក់ទិននឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជ​ន លោកគិន ភា បានបញ្ជាក់ថា នឹងធ្វើឱ្យប្រជាជនប្រទេសទាំងពីរកាន់តែខិតជិតគ្នា និងយល់ពីគ្នាទាំងទៅលើទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌។ 
 
ទន្ទឹមនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា សង្ឃឹមថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជ​ន នឹងជួយច្រើនសម្រាប់វិស័យទេសចរណ៍ ហើយទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាជាច្រើនលាននាក់។ បើតាមលោកគិន ភា ចំនួនភ្ញៀសទេសចរកាន់តែច្រើនឡើង វានឹងជួយដល់ផ្នែកសេវាកម្មដូចជាម្ហូបអាហារ សណ្ឋាគារ ហើយថែមទាំងធ្វើឱ្យប្រជាជនកាន់តែមានការងារធ្វើ និងបង្កើនប្រាក់ចំណូលផងដែរ។ 
 
ក្នុងលិខិតអបអរការបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា ២០២៤ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន បានរម្លឹកពីទំនាក់ទំនងចិន មានតាំងពីសម័យបុរាណ។ មេដឹកនាំរូបនេះ បានលើកឡើងពី នាវិក Zheng He មកពីរាជវង្សចិន បានឈប់ចតនៅកម្ពុជា ក្នុងពេលបំពេញបេសកកម្មតាមផ្លូវសមុទ្រថែមទៀត៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com