អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការពារជាតិ Prabowo នាំមុខគូប្រជែងលើសលុប
14, Feb 2024 , 4:23 pm        
រូបភាព
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto លើកដៃបង្ហាញទឹកខ្មៅនៅលើចង្អុលដៃក្រោយបោះឆ្នោតរួច។ រូបភាព ៖ AFP
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto លើកដៃបង្ហាញទឹកខ្មៅនៅលើចង្អុលដៃក្រោយបោះឆ្នោតរួច។ រូបភាព ៖ AFP
តួលេខក្រៅផ្លូវការនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីបានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto បាននាំមុខបេក្ខជន២រូបទៀតជាមួយសំឡេងគាំទ្រប្រមាណ៥៨ភាគរយ ដោយផ្អែកលើការរាប់សន្លឹកឆ្នោតមិនផ្លូវការ។

 
លោក Prabowo Subianton កំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់តំណែងប្រធានាធិបតី បន្ទាប់ពីនាំមុខគូប្រជែង២នាក់ទៀត។ លោក Prabowo ទទួលបានសំឡេងចន្លោះ៥៨ទៅ៦០ភាគរយពីសន្លឹកឆ្នោតនៅតាមការិយាល័យដែលត្រូវបានជ្រើសរើសសម្រាប់ការរាប់រហ័ស។
 
បេក្ខជន២នាក់ទៀត គឺលោក Anies Baswedan និងលោក Ganjar Pranowo មាន ២៦ភាគរយ និង ១៦ភាគរយរៀងគ្នា។ នេះបើយោងតាមលទ្ធផលរាប់សន្លឹកឆ្នោតរបស់ស្ថាប័នស្ទង់មតិឯករាជ្យ Indikator Politik ។
 
បើតាមរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាប្រធានាធិបតីបេក្ខជនត្រូវមានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយនៃសំឡេងឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តជាងពាក់កណ្តាលនៃប្រទេស។
 
ការបោះឆ្នោតជ្រើសប្រធានាធិបតីឥណ្ឌូណេស៊ីនៅថ្ងៃទី ១៤ ខែកម្ភៈ ឆ្នាំ២០២៤ មានការិយាល័យបោះឆ្នោតចំនួនសរុបចំនួន ៨២០១៦១ការិយាល័យត្រូវបានបើកជាផ្លូវការដើម្បីទទួលសន្លឹកឆ្នោតពីអ្នកចុះឈ្មោះបោះឆ្នោតជាង ២០៤,៨ លាននាក់។
 
ក្រៅពីការបោះឆ្នោតប្រធានាធិបតី ពលរដ្ឋឥណ្ឌូណេស៊ី ក៏បោះឆ្នោតជ្រើសរើសសមាជិកសភា ក្រុមប្រឹក្សាខេត្ត ក្រុងផងដែរ៕
 

Tag:
 ឥណ្ឌូណេស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com